ការប្រយុទ្ធគ្នាយ៉ាងសាហាវបន្តនៅហ្គាហ្សា ខណៈបទឈប់បាញ់ផុតកំណត់
ហ្គាហ្សា៖ ការប្រយុទ្ធគ្នាបានបន្តនៅតំបន់ហ្គាហ្សា នៅថ្ងៃសុក្រ សប្តាហ៍នេះ ភ្លាមៗបន្ទាប់ពីការផុតកំណត់នៃបទឈប់បាញ់ រយៈពេលមួយសប្តាហ៍ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។
ការផ្សាយផ្ទាល់របស់ទូរទស្សន៍ AFPTV បានបង្ហាញពីពពកលាយផ្សែងពណ៌ប្រផេះយ៉ាងធំ រំកិលទៅខាងលើ នៃភាគខាងជើង តំបន់ហ្គាហ្សា ហើយសំឡេងលាន់លឺស្តែងៗ នៃការបាញ់ និងការផ្ទុះអាវុធស្វ័យប្រវត្តិ បានកើតមានឡើង ក្នុងរយៈពេល៩០ នាទីដំបូង បន្ទាប់ពីបទឈប់បាញ់បានផុតកំណត់។
យោធាអ៊ីស្រាអែលបាននិយាយថា យន្តហោះចម្បាំងរបស់ខ្លួនបានវាយប្រហារគោលដៅ របស់ក្រុមហាម៉ាស់ នៅក្នុងតំបន់ហ្គាហ្សា ហើយអ្នកកាសែតរបស់ AFP ក៏បានរាយការណ៍ពីការវាយប្រហារតាមអាកាស នៅភាគខាងជើង និងភាគខាងត្បូង នៃទឹកដីហ្គាហ្សាផងដែរ។
លោក Marwan al-Hams នាយក មន្ទីរពេទ្យ Al-Najar នៅតំបន់ Rafah ភាគខាងត្បូងតំបន់ Gaza បាននិយាយថា ការវាយប្រហារបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ចំនួន៩នាក់ នៅទីនោះ រួមទាំងកុមារ ៤នាក់។
ជាមួយគ្នានេះ លោក Fadel Naim វេជ្ជបណ្ឌិតប្រចាំនៅមន្ទីរពេទ្យ Al-Ahli បាននិយាយដែរថា នៅកន្លែងផ្សេងទៀត កុមារពីរនាក់ត្រូវបានសម្លាប់ នៅក្នុងការវាយឆ្មក់តាមអាកាស ជាថ្មីនេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត


