រដ្ឋមន្ត្រីការពារជាតិថៃ សន្យានឹងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេស និងកងទ័ពទាំងពីរ ក្នុងការដោះមីនឱ្យអស់នៅតាមព្រំដែន

(ភ្នំពេញ)៖ រដ្ឋមន្ត្រីការពារជាតិថៃ បានឯកភាព និងសន្យាចំពោះសម្ដេចតេជោ ហ៊ុន សែន ថា នឹងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេស និងកងទ័ពទាំងពីរ ក្នុងការដោះមីនឱ្យអស់នៅតាមព្រំដែន ដើម្បីសម្រេចគោលដៅក្នុងការបញ្ចប់មីននៅកម្ពុជា នាឆ្នាំ២០២៥ ។

ឯកឧត្តម សុធីន ខ្លាំងសែង (Sutin Klungsang) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ បានថ្លែងដូច្នេះក្នុងឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញាតិឱ្យឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា រាជធានីភ្នំពេញ នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសដែលគណៈប្រតិភូ បំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ។

ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះរដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រថៃ ដែលបានជ្រើសរើសព្រះរាជាណាចក្រកម្ពុជា ជាប្រទេសទី១ ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម និងគណៈប្រតិភូ ក៏ដូចជាទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ កាលពីខែកញ្ញាកន្លងមកនេះ ដែលបង្ហាញពីការយកចិត្តទុកដាក់របស់ព្រះរាជាណាចក្រថៃ ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ។ សម្ដេច សម្ដែងក្ដីសង្ឃឹមថា ទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងការពារជាតិថៃ នៅពេលនេះ នឹងពង្រឹងថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេស រវាងកងទ័ពទាំងពីរ ។

ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីការពារជាតិថៃ បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានស្វាគមន៍យ៉ាងកក់ក្ដៅ និងអនុញ្ញាតឲ្យគណៈប្រតិភូ បានចូលជួបសម្ដែងការគួរសម ក្នុងឱកាសបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា នាពេលនេះ ។ ឯកឧត្តម ក៏បានជម្រាបជូនសម្ដេចតេជោ អំពីលទ្ធផលប្រកបដោយផ្លែផ្កាក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាបន្តបន្ទាប់ជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា កាលពីព្រឹកថ្ងៃទី១ធ្នូ និងជំនួបសម្ដែងការគួរសមចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នារសៀលថ្ងៃទី១ធ្នូ នៅវិមានសន្តិភាព ក៏ដូចជាក្នុងជំនួបសម្ដែងការគួរសមស្និទ្ធស្នាលជាមួយនឹងសម្ដេចពិជ័យសេនា ទៀ បាញ់ ។

ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរចំពោះទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរ ដែលមានភាពកាន់តែរលូន រឹងមាំជាលំដាប់ ដោយប្រទេសទាំងពីរ បានប្រើយន្តការដែលមានស្រាប់នាពេលកន្លងមក ដូចជា៖ យន្តការ JBC ក្នុងការពង្រឹងទំនាក់ទំនងជាលំដាប់ ។ ឯកឧត្តម ក៏បានកោតសរសើរយ៉ាងជ្រាលជ្រៅ និងគោរពចំពោះសម្ដេចតេជោ ដែលបានដឹកនាំនយោបាយ នាំមកនូវសុខសន្តិភាពដល់ប្រទេស និងការកសាងប្រទេសបានរីកលូតលាស់ មានស្ថេរភាពទាំងខាងនយោបាយ សេដ្ឋកិច្ច ប្រជាជនរស់នៅដោយសុខសប្បាយ មានជីវភាពកាន់តែធូរធារចម្រើនរុងរឿង ហើយការបន្តវេនទៅឱ្យជំនាន់ក្រោយប្រកបដោយភាពរលូន ដែលបង្ហាញនូវកម្លាំងរឹងមាំក្នុងការបន្តដឹកនាំពីអ្នកជំនាន់មុន ហើយសង្ឃឹមថា ប្រទេសកម្ពុជា និងមានការរីកចម្រើនលូតលាស់ជាលំដាប់យ៉ាងឆាប់រហ័ស ។

សម្ដេចតេជោ ហ៊ុន សែន បានសំដែងការរីករាយចំពោះលទ្ធផលពិភាក្សាជាមួយនឹងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏ដូចជាសម្ដេចធិបតីនាយករដ្ឋមន្ត្រី ដែលជាអ្នកបន្តវេនពីអ្នកជំនាន់មុន ហើយសង្ឃឹមថា រដ្ឋាភិបាលរបស់ថៃបច្ចុប្បន្ន និងរដ្ឋាភិបាលថ្មីដឹកនាំដោយអ្នកបន្តវេននៅកម្ពុជា នឹងបន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរថែមទៀត ជាពិសេស ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរ កាន់តែរឹងមាំ និងលូតលាស់ជាលំដាប់ តាមរយៈការកើនឡើងទំហំពាណិជ្ជកម្ម ការផ្លាស់ប្ដូរទេសចរណ៍តាមព្រំដែន ជាពិសេស តួនាទីសំខាន់របស់កងទ័ព ដែលមានកិច្ចសហប្រតិបត្តិការល្អរវាងគ្នានឹងគ្នា ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ក្រោយពីបានស្ដាប់ប្រសាសន៍ប្រកបដោយអត្ថន័យ ដែលអាចជាគំរូដឹកនាំ ដោយឯកឧត្តម អាចរៀនសូត្រ រៀបចំការដឹកនាំនៅក្នុងប្រទេសរបស់ឯកឧត្តមផងដែរ។ ឯកឧត្តម បានចាត់ទុកបទពិសោធន៍របស់សម្ដេចតេជោ មានសារៈសំខាន់មិនគ្រាន់តែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ក៏ប៉ុន្តែនៅក្នុងវេទិកាពិភពលោក ក៏ដូចជាក្នុងវេទិកាអាស៊ានផងដែរ ។

ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងគាំទ្រចំពោះគោលនយោបាយប្រែក្លាយព្រំដែននៃប្រទេសទាំងពីរ ឲ្យទៅជាព្រំដែនសន្តិភាព មានកិច្ចសហប្រត្តិការ និងការអភិវឌ្ឍ ហើយនឹងគោលដៅក្នុងការបញ្ចប់មីននៅកម្ពុជា ក្នុងឆ្នាំ២០២៥ ដែលឯកឧត្តមបានឯកភាព ហើយសន្យានឹងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កងទ័ពប្រទេសទាំងពីរ ក្នុងការដោះមីននៅតាមព្រំដែនឲ្យអស់ ដើម្បីបង្កល់លក្ខណៈងាយស្រួលដល់ការរស់នៅរបស់ប្រជាជន ក្នុងការបង្កបង្កើនផល ក៏ដូចជាការផ្លាស់ប្ដូរពាណិជ្ជកម្ម និងការបើកច្រកព្រំដែន ដើម្បីជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឲ្យកាន់តែមានទូលំទូលាយថែមទៀត ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកទឹកចិត្តរាជរដ្ឋាភិបាលប្រទេសទាំងពីរ កងទ័ពទាំងពីរ ដែលមានកិច្ចសហប្រតិបត្តិការល្អប្រសើរកន្លងមក បន្តកិច្ចសហប្រតិបត្តិការថែមទៀត លើយន្តការដែលមានស្រាប់ បន្ថែមលើយន្តការ JBC និង GBC គឺយើងនៅមានយន្តការជាច្រើនទៀតដូចជា៖ GMS, ACMEC, CLMTV , ASEAN ជាដើម ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner