រុស្ស៊ីថា កងទ័ពរបស់ខ្លួនកំពុងឈានមុខគ្រប់ទិសទី នៅផ្នែកជួរមុខរបស់អ៊ុយក្រែន
មូស្គូ៖ ភាគីរុស្ស៊ី កាលពីថ្ងៃសុក្រ សប្តាហ៍នេះ បានអះអាងថា កងទ័ពរបស់ខ្លួនកំពុងគ្របដណ្តប់លើតំបន់ទាំងអស់នៃផ្នែកជួរមុខ នៅក្នុងប្រទេសអ៊ុយក្រែន។ អ៊ុយក្រែនវិញ ទទួលស្គាល់ថា រុស្ស៊ីពិតជាធ្វើសកម្មភាពឡើងវិញ ក៏ប៉ុន្តែ កងទ័ពខ្លួនអាចគ្រប់គ្រងស្ថានការណ៍បាន។
រដ្ឋមន្ត្រីការពារជាតិ ប្រទេសរុស្ស៊ី លោក Sergei Shoigu បាននិយាយថា «ទាហានរបស់យើងកំពុងធ្វើសកម្មភាពប្រកបដោយសមត្ថភាព និងកាន់កាប់ទីតាំងនានា អំណោយផលជាងមុន ព្រមទាំងពង្រីកតំបន់គ្រប់គ្រងរបស់ពួកគេ គ្រប់ទិសទី»។

លោក Sergei Shoigu បានបន្តទៀតថា កងទ័ពរបស់លោកបានបង្កើនការវាយលុក នៅផ្នែកខាងមុខ ភាគខាងកើត។
លោក Shoigu បានបញ្ជាក់ថា «កងទ័ពរុស្ស៊ីមានប្រសិទ្ធភាព និងម៉ឺងម៉ាត់ខ្លាំង ព្រមទាំង បាញ់ប្រហារលើកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ដោយបានកាត់បន្ថយសមត្ថភាពប្រយុទ្ធ របស់កងកម្លាំងអ៊ុយក្រែន យ៉ាងខ្លាំង»។
ទោះបីជាក្រុមជួរមុខបានផ្លាស់ប្តូរស្ទើរតែទាំងស្រុង ក្នុងឆ្នាំ២០២៣ ក៏ដោយ ក៏ការប្រយុទ្ធគ្នានៅតែមានភាពខ្លាំងក្លា។ ទីក្រុងឧស្សាហកម្មដែលឡោមព័ទ្ធ ឈ្មោះថា Avdiivka គឺជាចំណុចសំខាន់ចុងក្រោយបង្អស់ នៃការវាយប្រហារ។

ប្រទេសរុស្ស៊ីបានចាប់ផ្តើមការវាយលុកជាថ្មី ដើម្បីដណ្តើមយកទីក្រុងដែលរងការវាយប្រហារដោយសង្រ្គាមមួយនេះ កាលពីខែតុលា។ អ្នកវិភាគបានលើកឡើងថា កងកម្លាំងរបស់ទីក្រុងមូស្គូបានបង្កើនការវាយប្រហារ ទោះបីជាមានមនុស្សត្រូវស្លាប់ច្រើនប៉ុណ្ណាក៏ដោយ។
ក្រសួងការពារជាតិរុស្ស៊ីបានប្រកាស កាលពីថ្ងៃពុធ សប្តាហ៍នេះថា ខ្លួនបានកាន់កាប់ភូមិ Khromove ដែលជាភូមិតូចមួយ នៅជាយក្រុង Bakhmut ក្នុងតំបន់ Donetsk ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។
អ៊ុយក្រែនបាននិយាយដែរថា ទាហានរុស្ស៊ីបានបង្កើនប្រតិបត្តិការរបស់ខ្លួន នៅភាគខាងកើត យ៉ាងច្រើនគួរឲ្យកត់សម្គាល់ ប៉ុន្តែកម្លាំងរបស់ខ្លួនកំពុងតែបន្តគ្រប់គ្រងស្ថានការណ៍៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត