រដ្ឋមន្រ្តីក្រសួងមហាផ្ទៃដាក់ផែនការឱ្យរដ្ឋបាលរាជធានី ខេត្ត បង្កើតផ្សាររាត្រីនៅដើមឆ្នាំក្រោយ ដើម្បីទាក់ទាញអ្នកទេសចរ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានស្នើដល់អភិបាលរាជធានី ខេត្ត ពិនិត្យពិចារណាក្នុងការបង្កើតផ្សាររាត្រីឱ្យបានច្រើនដោយកំណត់យកតំបន់មួយចំនួនក្នុងការរៀបចំ ដែលអាចចាប់ផ្តើមបើកផ្សាររាត្រីនេះពីរថ្ងៃក្នុងមួយសប្តាហ៍ ដោយការរៀបចំឱ្យមានលក្ខណៈស្រដៀងនឹងផាប់ស្រ្ទីត (Pub Street) នៅខេត្តសៀមរាប ដើម្បីជាផ្នែកមួយនៃការទាក់ទាញភ្ញៀវទេសចរទៅកម្សាន្តនៅខេត្តរបស់ខ្លួន។

ឯកឧត្តម ស សុខា បានថ្លែងដូចនេះ នាពិធីផ្សព្វផ្សាយផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ។

ឯកឧត្តមអភិសន្តិបណ្ឌិតបានបញ្ជាក់ថា សូមឱ្យអភិបាលរាជធានី ខេត្ត មេត្តាពិនិត្យយកទីតាំងណាមួយនៅក្នុងខេត្តរបស់ខ្លួនដើម្បីជាភាពទាក់ទាញ។នៅភ្នំពេញក៏ដូចគ្នាដែរ ដោយសារនៅទីនេះមានទីតាំងច្រើនណាស់ ដែលយើងអាចសិក្សា ប៉ុន្តែសូមឱ្យផ្តោតទៅលើការងារធំៗពីរ។ គឺទី១ រឿងសន្តិសុខ និងទី២ រឿងចំណត ព្រោះមិនអាចបិទបាំងហើយស្ទះចរាចរណ៍ទេ។

ឯកឧត្តម ស សុខា បានបន្តទៀតថា នៅក្នុងផែនការឯកឧត្តមគិតថា យើងនឹងអាចចាប់ផ្តើមបាននៅដើមខែមករា ឆ្នាំ២០២៤ខាងមុខនេះ ក្នុងគោលដៅដើម្បីមានភាពទាក់ទាញបន្ថែមទៀតដល់ខេត្តរបស់យើង ដោយសារតែឥឡូវការផ្តល់អាទិភាពក្នុងការទាក់ផ្នែកទេសចរណ៍នេះ មានភាពសកម្មណាស់នៅលើពិភពលោក។

ឯកឧត្តមបានបន្ថែមថា ដោយសារតែគេមិនទាន់អាចព្យាករណ៍បានច្បាស់លាស់ពីកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២៤ និង២០២៥ នាពេលខាងមុខនេះបាននៅឡើយ ដូច្នេះកម្ពុជាខ្លួនឯងត្រូវមានភាពរឹងមាំ និងគិតគូរឱ្យបានច្បាស់លាស់ តាមរយៈការរៀបចំផែនការរកចំណូល និងចំណាយនៅក្នុងស្រុក។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានប្រាប់ឱ្យដឹងថា ដោយសារតែព្រះសីហនុ ជាខេត្តទេសចរណ៍ស្រាប់ ដូចនេះការជ្រើសរើសទីតាំងនានាក្នុងការរៀបចំផ្សាររាត្រី គឺមិនមានការលំបាកនោះទេ ។លោកយល់ស្របចំពោះផែនការរបស់រដ្ឋមន្រ្តីមហាផ្ទៃនេះ។

លោកបាននិយាយថា ខេត្តព្រះសីហនុយើង មានទីតាំងសក្តានុពលច្រើនក្នុងការរៀបចំជាផ្សាររាត្រីចុងសប្តាហ៍បែបនេះ។ នេះអាចចាត់ទុកថា ជាផលិតផលទេសចរណ៍បន្ថែមទៀតរបស់ខេត្ត ដែលទាក់ទាញដល់អ្នកទេសចរជាតិ និងអន្តរជាតិឱ្យចូលមកកម្សាន្តកាន់តែច្រើនឡើងនាពេលចុងសប្តាហ៍ ។

ជុំវិញការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនេះដែរ អ្នកជំនាញនៅក្នុងវិស័យទេសចរណ៍ និងជាទីប្រឹក្សាសមាគទីភ្នាក់ងារទេសចរណ៍កម្ពុជា លោក ហូ វណ្ឌី មានការយល់ស្របចំពោះផែនការនេះ ដោយលោកយល់ថា វាផ្នែកមួយដែលរុញកំណើនទេសចរក្នុងស្រុកបន្ថែមទៀត ដោយកម្ពុជាមិនអាចពឹងផ្អែកតែទេសចរបរទេសតែមួយមុខនោះទេ។

លោកបានបន្ថែមទៀតថា កន្លងមកផ្សាររាត្រីមានតែនៅតាមបណ្តាខេត្តធំៗ និងល្បីមួយចំនួនប៉ុណ្ណោះ ខណៈដែលលោកសង្កេតឃើញថា បណ្តាខេត្តផ្សេងទៀតក៏មានសក្តានុពលក្នុងការរៀបចំឱ្យផ្សាររាត្រីនេះបានដែរ ដើម្បីទាក់ទាញទេសចរក្នុងស្រុក និងអន្តរជាតិ។

លោក ហូ វណ្ឌី បាននិយាយទៀតថា ៖ «តាមពិតទៅ យើងឃើញថា កន្លងមកមានតែភ្នំពេញ សៀមរាប ជាដើម ដែលជាខេត្តមានផ្សាររាត្រីច្រើនកន្លែង។ ផ្សាររាត្រី អាចចាត់ទុកថា ជាតំបន់ទេសចរណ៍មួយដែលមានសារៈសំខាន់ដែរ។ កន្លងមកយើងឃើញថា ទាំងទេសចរជាតិ និងអន្តរជាតិចូលចិត្តទៅកំសាន្ត នៅផ្សាររាត្រីមាត់ទន្លេនៅភ្នំពេញ ដោយសារផ្សាររាត្រីនេះ មានលក់ទំនិញចម្រុះ មានតម្លៃសមរម្យ និងថែមទាំងអាចកំសាន្តសប្បាយជាមួយការសម្តែងសិល្បៈទៀតផង»៕ ដោយ៖ វណ្ណ សុជាតា

ads banner