យោធាអ៊ីស្រាអែល៖ ចំណាប់ខ្មាំង ១៣៧នាក់ទៀតកំពុងជាប់ឃុំនៅហ្គាហ្សា

ហ៊្សេរុយសាឡឹម៖ អ្នកនាំពាក្យយោធាអ៊ីស្រាអែលបាននិយាយនៅក្នុងសន្និសីទកាសែតនៅទីក្រុង តែល អាវីវ ថា មនុស្សចំនួន ១៣៧នាក់ដែលត្រូវចាប់ជំរិតកាលពីថ្ងៃទី០៧ ខែតុលា នៅតែបន្តជាប់ឃុំខ្លួននៅក្នុងតំបនហ្គាហ្សា។

អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Daniel Hagari បាននិយាយថា មនុស្សចំនួន ១៣៧នាក់ដែលត្រូវចាប់ជំរិតកាលពីថ្ងៃទី០៧ ខែតុលា នៅតែបន្តជាប់ឃុំខ្លួននៅតំបន់ហ្គាហ្សា ពួកគេស្ថិតនៅក្នុងចិត្តរបស់យើងជានិច្ច។ លោក Hagari បានបញ្ជាក់ថា ពួកយើងប្រមូលព័ត៌មានពីការស៊ើបការណ៍គ្រប់ពេល ហើយបញ្ជូនទៅកងកម្លាំងពាក់ព័ន្ធណាមួយ ដើម្បីប្រាកដថា ពួកគេមិនមានគ្រោះថ្នាក់ (អ្នកដែលត្រូវចាប់ជំរិត) និងដឹងពីរបៀបឆក់ឱកាសជួយរំដោះពួកគេ។

លោកបន្ថែមថា យើងនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីនាំយកពួកគេត្រឡប់មកផ្ទះវិញ។ ក្រសួងការពារជាតិអង់គ្លេសបានបញ្ជាក់កាលពីចុងសប្តាហ៍មុនថា យោធាអង់គ្លេសនឹងហោះហើរឈ្លបយកការណ៍លើតំបន់ហ្គាហ្សា ដើម្បីជួយកំណត់ទីតាំងចំណាប់ខ្មាំង ដែលក្រុមហាម៉ាសចាប់ខ្លួន។ ប៉ុន្តែអង់គ្លេសមិនបានបញ្ជាក់ថាតើពេលណា ដែលជើងហោះហើរឃ្លាំមើលយោធាក្នុងតំបន់ នឹងចាប់ផ្តើមនោះទេ ប៉ុន្តែនិយាយថា ពួកគេនឹងប្រតិបត្តិការដោយគ្មានអាវុធ ហើយផ្តោតតែលើការសង្គ្រោះចំណាប់ខ្មាំងប៉ុណ្ណោះ។

គួរបញ្ជាក់ថា អ៊ីស្រាអែលបានឆ្លើយតបនឹងការវាយប្រហារថ្ងៃទី០៧ ខែតុលា ដោយប្តេជ្ញាថា នឹងលុបបំបាត់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ហើយប្រិតបត្តិការយោធាផ្លូវអាកាស និងជើងគោកបានធ្វើឡើងបន្តបន្ទាប់ ដោយបានសម្លាប់មនុស្សជាង ១៥,០០០នាក់ ដែលភាគច្រើនជាជនស៊ីវិល៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner