សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ឆ្នាំ២០២៣ កម្ពុជា បានបង្ហាញសមត្ថភាពរបស់ជនមានពិការភាព ដោយស្មើមុខស្មើមាត់ លើឆាកអន្ដរជាតិ
ភ្នំពេញ៖ កម្ពុជា បានបង្ហាញសមត្ថភាពរបស់ជនមានពិការភាពដោយស្មើមុខស្មើមាត់ នៅលើឆាកអន្ដរជាតិ នៅឆ្នាំ២០២៣នេះ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់បែបនេះ ក្នុងពិធីអបអរសាទរ ទិវាជនមានពិការភាពលើកទី២៥ និង អន្តរជាតិលើកទី៤១ ដែលរៀបចំឡើងនៅសាលមហោស្រព កោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣ ។
សម្តេចធិបតី បានមានប្រសាសន៍ថា នៅឆ្នាំ២០២៣ កម្ពុជា បានបង្ហាញសមត្ថភាពរបស់ជនមានពិការភាពដោយស្មើមុខស្មើមាត់នៅលើឆាកអន្ដរជាតិ តាមរយៈការធ្វើជាម្ចាស់ផ្ទះដោយជោគជ័យរបស់កម្ពុជា ក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ។
សម្តេច បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងបន្តជំរុញការលើកកម្ពស់ និងចាត់ទុក វិស័យពិការភាព ជាការងារអាទិភាព ហើយ រាជរដ្ឋាភិបាលមានចក្ខុវិស័យច្បាស់លាស់ ដើម្បីធានាឧត្តមប្រយោជន៍ជូនជនមានពិរភាព។
សូមជម្រាបថា កម្ពុជា ទទួលបានមេដាយសរុបចំនួន ៧០គ្រឿង ក្នុងនោះមេដាយមាស ៩គ្រឿង មេដាយប្រាក់ ១៨គ្រឿង និងសំរឹទ្ធ ៤៣គ្រឿង ដោយកម្ពុជា ឈរនៅចំណាត់ថ្នាក់លេខ៨ ក្នុងចំណោម ១១ប្រទេសចួលរួម ។ សម្រាប់ កម្ពុជា ដែលទទួលរៀបចំធ្វើម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ គឺជាប្រវត្តិសាស្ត្រនៃការរៀបចំជាលើកដំបូង ប៉ុន្តែកម្ពុជា ទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ពីអន្តរជាតិ ជាពិសេសមិត្តក្នុងអាស៊ានទាំងមូល។ អ្វីដែលពិសេស គឺទឹកចិត្តដ៏ធំទូលាយ ភាពរួសរាយរាក់ ស្នាមញញឹម ក្នុងនាមជាម្ចាស់ផ្ទះប្រកបដោយភាពកក់ក្តៅជាទីបំផុតសម្រាប់មិត្តក្នុងសហគមន៍អាស៊ានទាំងមូល ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ ,ង៉ាន់ ទិត្យ

