សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការប្រារព្ធទិវាជនមានពិការភាព នឹងក្លាយទៅជាឱកាសជំរុញលើកទឹកចិត្ត និងលើកកម្ពស់សិទ្ធិជនមានពិការភាពនៅទូទាំងកម្ពុជា

ភ្នំពេញ៖ ក្នុងពិធីអបអរសាទរ ទិវាជនមានពិការភាពលើកទី២៥ និង អន្តរជាតិលើកទី៤១ ដែលរៀបចំឡើងនៅសាលមហោស្រព កោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទទី៤ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវការជឿជាក់យ៉ាងមុតមាំថា ប្រធានបទ នៃទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១នេះ នឹងក្លាយទៅជាឱកាសជំរុញលើកទឹកចិត្ត និងលើកកម្ពស់សិទ្ធិជនមានពិការភាពនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ទិវាជនមានពិការភាពនេះ ត្រូវបានប្រារព្ធឡើង ដើម្បីរំលឹកពីការតស៊ូ ទាមទារនូវសិទ្ធិចូលរួមក្នុងសង្គម របស់ជនមានពិការភាពនៅទូទាំងពិភពលោក ដែលបាត់បង់កាយសម្បទា ញាណដឹង និងសតិបញ្ញា ដែលតែងតែជួបប្រទះនូវឧបសគ្គរារាំង នៅក្នុងសកម្មភាពជីវិតប្រចាំថ្ងៃ ។

ជាមួយគ្នានេះ សម្តេចធិបតី បានអះអាងដោយនឹងខិតខំជំរុញ និងលើកកម្ពស់ដល់បងប្អូនមានពិការភាពឲ្យក្លាយទៅជាអ្នកនយោបាយ មន្រ្តីរាជការ ឲ្យកាន់តែច្រើនបន្ថែមទៀត ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាល បានកំណត់កូតារហូតដល់២ភាគរយ សម្រាប់ជ្រើសរើសបងប្អូនជនពិការឲ្យបម្រើកិច្ចការងារនៅតាមក្រសួងស្ថាប័ននានារួមទាំងវិស័យឯកជននោះ។

សម្តេច បានបញ្ជាក់ថា ស្របតាមច្បាប់ស្តីពីកិច្ចការពារ និងការលើកកម្ពស់ជនពិការ រាជរដ្ឋាភិបាល នឹងបង្កើនការវិនិយោគទុនដល់បងប្អូនមានពិការភាពនៅកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត ផ្តល់ឱកាសឲ្យពួកគាត់ ក្លាយទៅជាមន្រ្តីរាជការ រួមទាំងកិច្ចការងារជាច្រើនទៀត នៅក្នុងសង្គម ដើម្បីធ្វើយ៉ាងណាឲ្យជីវភាពនៅក្នុងក្រុមគ្រួសារ របស់ពួកគាត់ឲ្យកាន់តែទូ លំទូលាយនៅក្នុងសង្គម។

សម្តេចធិតបី នាយករដ្ឋមន្រ្តីក៏បានណែនាំបន្ថែមគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ដៃគូពាក់ព័ន្ធ ត្រូវរៀបចំពិធីមិទ្ទីង ពិធីជួបសំណេះសំណាលជាមួយ ជនមានពិការភាព កម្មវិធីកម្សាន្តសប្បាយសម្រាប់ជនមានពិការភាពនៅតាមក្រសួង ស្ថាប័ន រដ្ឋបាល រាជធានី ខេត្ត គ្រឹះស្ថានសិក្សារដ្ឋឯកជន អង្គការមិនមែនរដ្ឋាភិបាល និងគ្រប់មណ្ឌលនៅក្នុងមូលដ្ឋាន រៀងៗខ្លួនផងដែរ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ ,ង៉ាន់ ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner