សម្តេចមហាបវរធិបតី បន្តមានប្រសាសន៍ថា ជនមានពិការភាព គឺជាតួអង្គមួយយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍គ្រួសារ និងសហគមន៍
(ភ្នំពេញ)៖ ក្នុងពិធីអបអរសាទរ ទិវាជនមានពិការភាពលើកទី២៥ និង អន្តរជាតិលើកទី៤១ ដែលរៀបចំឡើងនៅសាលមហោស្រព កោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ជនមានពិការភាព គឺជាតួអង្គមួយយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍គ្រួសារ និងសហគមន៍ ។
សម្ដេចបញ្ជាក់ថា ក្នុងន័យខាងលើនេះ, រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក៏ដូចជាអាណត្តិមុនៗដែរ គឺបន្តចក្ខុវិស័យច្បាស់លាស់ សម្រាប់ជនមានពិការភាព និងក្រុមគ្រួសារ មានគុណភាពជីវិតល្អចូលរួមយ៉ាងសកម្មស្មើភាពគ្នាក្នុងសង្គមដែលមានការគោរពសិទិ្ធ និងសេចក្តីថ្លៃថ្នូរ ព្រមទាំងការធ្វើបរិយាប័ន្នពិការភាពក្នុងគ្រប់វិស័យ ដូចជា ការចូលរួមរបស់ជនមានពិការភាពក្នុងជីវភាពសាធារណៈ, ជីវភាពនយោបាយ, សកម្មភាពសង្គម, វប្បធម៌, សិល្បៈ, សាសនា, កីឡា, ការសម្រាកលម្ហែ និងសកម្មភាពផ្សេងៗទៀត ។ រាជរដ្ឋាភិបាល បានខិតខំកែលម្អជីវភាពរស់នៅ ធានាដល់ការកាត់បន្ថយភាពក្រីក្ររបស់ជនមានពិការភាព តាមរយៈការលើកកម្ពស់អាជីពមុខរបរសមរម្យ ការងារ និងការផ្តល់ប្រាក់របបគោលនយោបាយផ្សេងៗ ព្រមទាំងបន្តការលើកកម្ពស់សហគ្រិនភាព ដែលជាកិច្ចការដ៏សំខាន់ ដើម្បីបង្កើនឱកាសដល់ជនមានពិការភាព ចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច លើកកម្ពស់ជីវភាពខ្លួន និងគ្រួសារ ។

សម្ដេចបន្តថា រាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់រៀបចំផាសុកវត្ថុសម្រាប់ជនមានពិការភាព រួមមាន ការរៀបចំជម្រាល, ធ្នាក់ដៃ, ចំណតយានយន្តអាទិភាព, ភាសាសញ្ញា និងផ្លូវដើរសម្រាប់ជនពិការភ្នែក ជាដើម ។ ក្រៅពីនេះ, រាជរដ្ឋាភិបាលបាន និង កំពុងអនុវត្តការផ្តល់កម្មវិធីជំនួយសង្គមសម្រាប់ជនងាយរងគ្រោះ ពិសេសជនមានពិការភាព ដោយរដ្ឋបានចំណាយថវិកាអស់ជាង ១.៣០០លានដុល្លារ សម្រាប់ជនងាយរងគ្រោះចំនួនប្រមាណ ១,៥លានគ្រួសារ ។
សម្តេចនាយករដ្ឋមន្ត្រី ក៏បានជំរុញផងដែរ ដល់គ្រប់ក្រសួង-ស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិទាំងអស់ ឱ្យធានានូវការធ្វើបរិយាប័ន្នសម្រាប់ជនមានពិការភាពទទួលបានការអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ ភាពជាម្ចាស់ការលើការគ្រប់គ្រងធនធានហិរញ្ញវត្ថុ ការសម្រេចចិត្ត និង ភាពជាអ្នកដឹកនាំ ដើម្បីមានឱកាសពេញលេញទាំងក្នុងទិដ្ឋភាពសង្គម-សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទិដ្ឋភាពនយោបាយ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការកោតសរសើរចំពោះក្រុមប្រឹក្សាសកម្មភាពជនពិការ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា, ក្រសួងស្ថាប័នពាក់ព័ន្ធ, មូលនិធិជនពិការរដ្ឋាភិបាលនៃប្រទេសអូស្រ្តាលី តាមរយៈទីភ្នាក់ងារអូស្ត្រាលីសម្រាប់អភិវឌ្ឍន៍អន្តរជាតិ, កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ, អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ, ដៃគូអភិវឌ្ឍ, វិស័យឯកជន ជាពិសេស បងប្អូនមានពិការភាព ដែលបានចូលរួមចំណែកយ៉ាងសកម្ម និងជំរុញឱ្យមានការដាក់បញ្ចូលជនមានពិការភាពទៅក្នុងការអភិវឌ្ឍ ដោយខិតខំធ្វើឱ្យមានការទទួលស្គាល់នូវតម្លៃ និងសមត្ថភាព ព្រមទាំងឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ជនមានពិការភាព ៕


អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ ,ង៉ាន់ ទិត្យ