រាជរដ្ឋាភិបាលកម្ពុជា ចំណាយថវិកាជាងមួយពាន់លានដុល្លារ ដើម្បីឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋក្រីក្រ ដើម្បីទប់លំនឹងជីវភាពប្រចាំថ្ងៃ ក្នុងរយៈពេល៣ឆ្នាំ ខណៈការផ្ដល់ជំនួយនេះ នឹងបញ្ចប់នៅឆ្នាំ២០២៤ខាងមុខ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ចំណាយថវិកាជាងមួយពាន់លានដុល្លារ ដើម្បីឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋក្រីក្រដើម្បីទប់លំនឹងជីវភាពប្រចាំថ្ងៃចាប់ពីខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ខណៈការផ្ដល់ជំនួយនេះ នឹងបញ្ចប់នៅឆ្នាំ២០២៤ ខាងមុខនេះ ។ នេះបើតាមរបាយការណ៍របស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម ជា សុមេធី បានឱ្យដឹងថា កម្មវិធីផ្ដល់ជំនួយជាថវិកាដើម្បីជួយដល់ពលរដ្ឋដែលរងផលប៉ះពាល់ជីវភាព ដោយ សារវិបត្តិកូវីដ-១៩ នឹងត្រូវបញ្ចប់នៅដំណាច់ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។
ជាមួយគ្នានេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ទោះកម្មវិធីជំនួយសង្គមមួយចំនួនត្រូវបិទបញ្ចប់ក្ដី ក៏រាជរដ្ឋាភិបាល នៅតែបន្តជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយវិបត្តិនានាដដែល តាមរយៈការដាក់ចេញនូវកម្មវិធីជាតិជំនួយសង្គមនានា។

សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានចំណាយថវិកាជាង ១ពាន់លានដុល្លារ កាលពីឆ្នាំ២០២១ និងប្រមាណ៦០០លានដុល្លារ ក្នុងឆ្នាំ២០២២ ពោលគឺគិតចាប់ពីខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ បានចំនួន ១៥ជុំ ស្មើនឹង ៤០លើក ដើម្បីដោះស្រាយផលប៉ះពាល់ នៃវិបត្តិសង្គម-សេដ្ឋកិច្ច ព្រមទាំងធានាលំនឹងជីវភាពប្រជាពលរដ្ឋ នៅអំឡុងពេលដែលពិភពលោកប្រឈម ជួបនឹងវិបត្តិកូវីដ និងវិបត្តិនានា ៕





អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ ,ង៉ាន់ ទិត្យ