លោកជំទាវសេង សុមេត្តា ៖ ការយកចិត្តទុកដាក់របស់អាណាព្យាបាល ផ្តល់ក្តីស្រលាញ់ ការទំនុកបម្រុង និងការប្រាស្រ័យទាក់ទង គឺជំរុញ និងគាំទ្រកុមារឱ្យក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់គ្រួសារ និងប្រទេសជាតិ
(ភ្នំពេញ)៖ លោកជំទាវសេង សុមេត្តា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ការចូលរួម និងយកចិត្តទុកដាក់របស់អាណាព្យាបាល រួមទាំងពេលវេលា ក្តីស្រលាញ់ ការទំនុកបំរុង និងការប្រាស្រ័យទាក់ទង នឹងកាន់តែរួមចំណែកក្នុងការជំរុញ និងគាំទ្រកុមារឱ្យក្លាយទៅជាសសរទ្រូងដ៏រឹងមាំសម្រាប់គ្រួសារ និងប្រទេសជាតិ ។
នេះជាប្រសាសន៍លើកឡើង របស់លោកជំទាវរដ្ឋលេខាធិការ សេង សុមេត្តា ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបេីកបវេសនកាលឆ្នាំសិក្សា២០២៣-២០២៤ នៅសាលាមត្តេយ្យធនធានក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ។
ជាមួយគ្នានេះ លោកជំទាវសេង សុមេត្តា មានប្រសាសន៍បន្ថែមថា ការពង្រឹងគុណភាពវិស័យអប់រំ គឺជាអាទិភាពចម្បង ដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានដាក់ចេញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ហើយសាលារៀន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលចំណេះជំនាញ និងសុជីវធម៍រស់នៅប្រចាំថ្ងៃ ដេីម្បីឱ្យសិស្សានុសិស្សក្លាយជាធនធានដ៏មានសក្កានុពលនៅក្នុងសង្គម ៕
ដោយ / គ្រី សម្បត្តិ





