អ.ស.ប ព្រមានពីការគំរាមកំហែងសន្តិសុខរបស់ពិភពលោក បង្កពីសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស

អ.ស.ប៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ(អ.ស.ប)លោក អង់តូនីញូវ ហ្គូតទែរ៉េស បាននិយាយព្រមានទៅកាន់ក្រុមប្រឹក្សាសន្តិសុខក្នុងលិខិតមួយកាលពីថ្ងៃពុធទី ៦ ខែធ្នូថា សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសរបស់ប៉ាឡេស្ទីន «អាចធ្វើឱ្យការគំរាមកំហែងដែលមានស្រាប់ កាន់តែធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខអន្តរជាតិ»។

លោកបានលើកឡើងពីមាត្រា ៩៩ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលអនុញ្ញាតឱ្យលោកធ្វើឱ្យក្រុមប្រឹក្សាសន្តិសុខយកចិត្តទុកដាក់រាល់បញ្ហាដែលលោកយល់ឃើញថាអាចគំរាមកំហែងដល់ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។

វាគឺជាបោះជំហានដ៏កម្រមួយសម្រាប់លោក ហ្គូតទែរ៉េស ដោយអ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក ស្ទេផាន ឌូចារីក (Stephane Dujarric) បាននិយាយថា មាត្រា ៩៩ ត្រូវបានគេទុកចោលមិនប្រើប្រាស់អស់ជាច្រើនទសវត្សរ៍មកហើយ។

ក្នុងលិខិតទៅក្រុមប្រឹក្សាសន្ដិខុសដដែល លោក ហ្គូតទែរ៉េស បានសរសេរយ៉ាងដូច្នេះថា៖ «យើងកំពុងប្រឈមមុខនឹងហានិភ័យធ្ងន់ធ្ងរនៃការដួលរលំនៃប្រព័ន្ធមនុស្សធម៌។ ស្ថានភាពកាន់តែយ៉ាប់យ៉ឺនយ៉ាងលឿនទៅជាមហន្តរាយ ជាមួយនឹងផលប៉ះពាល់ដែលមិនអាចកែប្រែបានសម្រាប់ប៉ាឡេស្ទីនទាំងមូល ក៏ដូចជាសម្រាប់សន្តិភាព និងសន្តិសុខក្នុងតំបន់»។

លោកបន្តថា បញ្ហាទាំងអស់នេះត្រូវតែចៀសវាងឱ្យបានជាដាច់ខាត ដោយអំពាវនាវឱ្យមានបទឈប់បាញ់ដើម្បីសម្រួលបញ្ហាមនុស្សធម៌ជាថ្មីទៀតផងដែរ។

គួរគូសបញ្ជាក់ថា ការព្រមានពីប្រមុខអង្គការសហប្រជាជាតិនាពេលនេះ ធ្វើឡើងខណៈបណ្ដារដ្ឋអារ៉ាប់ផ្សេងៗ ស្វែងរកអំណាចបែបនេះពីលោក ហ្គូតទែរ៉េស ដើម្បីបន្តជំរុញឱ្យក្រុមប្រឹក្សាសន្ដិសុខអំពាវនាវឱ្យមានបទឈប់បាញ់។

យ៉ាងណាមិញ សហរដ្ឋអាមេរិក ដែលជាប្រទេសមួយមានអំណាចវេតូលើសេចក្ដីសម្រេចណាមួយក្នុងចំណោមប្រទេស ៥ ទៀត របស់ក្រុមប្រឹក្សាសន្ដិសុខដែលមានសមាជិក ១៥ ប្រទេស បានប្រឆាំងទៅនឹងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដោយលើកឡើងថា វានឹងផ្តល់ផលប្រយោជន៍ដល់តែពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនប៉ុណ្ណោះ។

ជុំវិញលិខិតរបស់លោក ហ្គូតទែរ៉េស បេសកកម្មការទូតអាមេរិកមិនបានធ្វើអត្ថាធិប្បាយយ៉ាងណាភ្លាមៗទេ ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេស លោក Matthew Miller បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបានឃើញលិខិតនោះ ប៉ុន្តែបានបដិសេធមិននិយាយច្រើនវែងឆ្ងាយ ដោយបន្ថែមថា សហរដ្ឋអាមេរិកនឹងបន្តពិគ្រោះយោបល់ជាមួយលោក ហ្គូតទែរ៉េស និងសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ចំណែកឯបេសកជនប្រចាំអង្គការសហប្រជាជាតិរបស់ប៉ាឡេស្ទីន លោក Riyad Mansour វិញ បាននិយាយកាលពីថ្ងៃពុធថា អ្នកការទូតពីបណ្ដាប្រទេសអារ៉ាប់កំពុងកែសម្រួលសេចក្តីព្រាងនៃសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ ដើម្បីអំពាវនាវឱ្យមានបទឈប់បាញ់។ សេចក្តីសម្រេចនោះ ត្រូវការសំឡេងគាំទ្រយ៉ាងតិច ៩ សំឡេង ហើយត្រូវតែគ្មានការវ៉េតូពីសហរដ្ឋអាមេរិក រុស្ស៊ី ចិន បារាំង ឬអង់គ្លេសជាដាច់ខាត។

ជាមួយគ្នាផងដែរ លោក Mansour បាននិយាយថា រដ្ឋមន្ត្រីអារ៉ាប់គ្រោងនឹងធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោននាថ្ងៃព្រហស្បតិ៍នេះ ហើយនឹងពិភាក្សាអំពីវិធានការជាមួយមន្ត្រីអាមេរិក។

គួរបញ្ជាក់ថា អ៊ីស្រាអែល បានបញ្ចេញយុទ្ធនាការយោធារបស់ខ្លួនដើម្បីកម្ទេចក្រុមហាម៉ាស ជាការឆ្លើយតបនឹងការវាយប្រហារថ្ងៃទី ៧ តុលា ដែលក្រុមហាម៉ាស់សម្លាប់មនុស្សជាង ១ ២០០ និងចាប់ចំណាប់ខ្មាំង ២៤០ នាក់។ ប៉ុន្តែមកទល់ពេលនេះ ទង្វើឆ្លើយតបរបស់អ៊ីស្រាអែល ដែលក្រុមអ្នករិះគន់ហៅថាជាការប្រល័យពូជសាសន៍នោះ បានស្លាប់ប្រជាជនប៉ាឡេស្ទីនជាង ១៦ ០០០ រួចទៅហើយ ដែលក្នុងនោះភាគច្រើនជាប្រជាជនស៊ីវិល៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner