ការបណ្តុះបណ្តាលមុខជំនាញដល់កសិករ និងយុវជននឹងជួយឱ្យខ្សែ ច្រវាក់ផលិតកម្មកសិកម្មកម្ពុជាកាន់តែរីកចម្រើន
ក្រចេះ៖ដើម្បីឆ្លើយតបតាមតម្រូវការធនធានមនុស្សក្នុងវិស័យកសិកម្ម ដែលមាននិន្នាការកើនឡើងជាលំដាប់ និង ក៏ដូចជាឈានឆ្ពោះទៅ អភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យមានលក្ខណ:ទំនើបនោះការបណ្តុះបណ្តាលកសិករ និង យុវជនជំនាន់ក្រោយគឺជាកត្តាចាំបាច់មួយមិន អាច មើលរំលងបានឡើយ។

បញ្ជាក់ដល់អ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហភាពអឺរ៉ុប អំពីខ្សែច្រវាក់ផលិត កម្ម ស្វាយចន្ទីនៅកម្ពុជានៅខេត្កកំពង់ធំ ក្រចេះ និងខេត្តស្ទឹងត្រែង កាល ពីថ្មីៗនេះលោក ហ្គេនឌើ វែសហ្សូល( Guenter wessel) ប្រធាន ពហុគម្រោង GIZ របស់ប្រទេសអាល្លឺម៉ងបានឱ្យដឹងថា តាមរយៈ គម្រោងGIZ ដោយមានការគាំទ្រពីសហភាពអឺរ៉ុប បាននិងកំពុង ធ្វើសកម្មភាពជាច្រើន ទាំងផលិតកម្ម ការកែច្នៃ រហូតដល់ទីផ្សារ ដោយក្នុងនេះមានទាំងការបណ្តុះបណ្តាល និងស្តង់ដារគុណភាព ។ជាមួយគ្នានេះ GIZ មិនត្រឹមតែគិតគូពីខ្សែច្រវាក់ផលិតកម្មទេនៅ គិត គូពីការដាំដុះផងដើម្បីលើកស្ទួយវិស័យកសិកម្មនៅកម្ពុជាកាន់តែប្រសើរឡើង។

លោកបានបន្ថែមថា”ទន្ទឹមជាមួយការពិនិត្យតម្រង់ទិសទាំងអស់នេះ GIZក៏តែងនឹងផ្តល់នូវចំណេះជំនាញថ្មីៗទៅលើខ្សែច្រវាក់លើការដាំដុះដើម្បីទទួលបាននូវទិន្នផលខ្ពស់ដោយផ្តល់នូវបច្ចេកទេស ហើយឃើញ ថា កសិករទាំងអស់ឆាប់ទទួលបាននូវចំណេះបែបថ្មីនេះ។ ក្នុងចំណោម នេះពួកគាត់ធ្វើបានល្អដែលហួសពីអ្វីដែលគេរំពឹងទុក”។

ដោយឡែក លោក ប្រាយអាន់ ហ្វ័រណារី(Bryan FORNARI ) ប្រធានផ្នែកកិច្ចសហប្រតិបត្តិការរបស់ សហភាពអឺរ៉ុប ក្នុងពេល ទស្សនកិច្ចនៅសាកលវិទ្យាល័យក្រចេះបានលើកឡើងថា វិស័យអប់រំ បានដើរតួនាទីយ៉ាងសំខាន់របស់យុវជនជំនាន់ក្រោយដើម្បីឱ្យពួកគាត់អាចដំណើរការការងារទៅលើវិស័យកសិកម្មដោយអនុវត្តទៅលើបច្ចេកទេស ដែលជាកិច្ចការងារផ្តល់នូវការរីកចម្រើនយ៉ាងស្ថេរភាព ទាំងពេល បច្ចុប្បន្ន និងអនាគត។

លោកបានលើកឡើងថាចំពោះវិស័យអប់រំដែលទាក់ទងទៅនឹងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីយើងត្រូវមើលរហូតទៅដល់ការផលិត,ការកែច្នៃ។សម្រាប់ទីផ្សារវិញយើងឃើញថា ការបណ្តុះបណ្តាលទៅដល់យុវជន គឺអាចធ្វើឱ្យពួកគេអាចមានសមត្ថភាពប្រកួតប្រជែង ទាំងក្នុងប្រទេស និងក្រៅប្រទេស។ក្រៅពីនេះការផ្សារភ្ជាប់ ការស្រាវជ្រាវ និងគ្រប់ជំនាញ ទៅលើមុខវិជ្ជាទាំងនេះទៅជាមួយវិស័យឯកជនក៏ជាចំណុចមួយសំខាន់ផងដែរ។ព្រោះថាការបណ្តុះបណ្តាលមនុស្សវាជាតម្រូវការដែលឆ្លើយ តបទៅនឹងតម្រូវការជាក់ស្តែងទៅនឹងខ្សែច្រវាក់ផលិតកម្មទាំងបច្ចុប្បន្ននិងអនាគត។

លោក ជំទាវ អឹម រចនា អនុរដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួង កសិកម្ម រុក្ខាប្រមាញ់និងនេសាទបានបញ្ជាក់ថា ក្រសួងមានគោល នយោបាយដាក់ពង្រាយមន្រ្តីកសិកម្មនៅតាមឃុំ សង្កាត់ ដែលមាន សកម្មភាពកសិកម្មជាង១ ៦០០ រូបនៅទូទាំងប្រទេស។ ក្នុងចំណោម មន្រ្តី ទាំងអស់នេះមិនត្រឹមតែជួយដល់ការបណ្តុះបណ្តាល ជួយដល់ការ រកទីផ្សារដល់កសិករទេ ប៉ុន្តែនៅថែមទាំងជួយធ្វើការដាស់តឿនរំលឹក ក្នុង ការដាំដុះការរកទីផ្សារជូនដល់សហគមន៍ ជំរុញល្បឿនទិញ របស់ អ្នកទីផ្សារឬអ្នកវិនិយោគដោយផ្ទាល់ទៀតផង៕
អត្ថបទ៖លោក ម៉ាដេប៉ូ ,រូបភាព៖លោក រិន រចនា