តំបន់រុនតាឯក ជាតំបន់អភិវឌ្ឍន៍ថ្មី ខណៈគ្រប់តំបន់អភិវឌ្ឍន៍ទាំងអស់ គឺជានិម្មិតរូបអភិរក្សសម្រាប់រយៈពេលយូរអង្វែង

សៀមរាប៖ ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៃរមនីយដ្ឋានអង្គរ ដែលស្ម័គ្រចិត្តមករស់នៅ «តំបន់អភិវឌ្ឍន៍ធម្មជាតិរុនតាឯក» ស្ថិតក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា តំបន់រុនតាឯក ជាតំបន់អភិវឌ្ឍន៍ថ្មី និងតំបន់ពាក់ស្នែងដែលកំពុងអភិវឌ្ឍន៍មិនទាន់មានរបៀបរៀបរយ អាចឱ្យប្រជាពលរដ្ឋរស់នៅបានទេ។ ទោះយ៉ាងណា សម្តេច បញ្ជាក់ថា គ្រប់តំបន់អភិវឌ្ឍន៍គឺជានិម្មិតរូបអភិរក្សសម្រាប់រយៈពេលយូរអង្វែង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការអភិវឌ្ឍ គឺជានិម្មិតរូបដើម្បីអភិរក្ស។ យើងត្រូវរួមគ្នាអភិវឌ្ឍន៍ ដើម្បីកូនចៅប្រជាពលរដ្ឋ នៅក្នុងសម័យបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត តែក៏មិនភ្លេចថែរក្សានូវកេរដំណែលរបស់ដូនតាយើងដែលបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយផងដែរ។

សម្តេចធិបតី បានថ្លែងបន្ថែមថា តំបន់អភិវឌ្ឍន៍រុនតាឯក ស្ថិតក្នុងខេត្តសៀមរាប បានកសាងឡើងមិនដល់ ៥០០ថ្ងៃផង ប៉ុន្តែមានការអភិវឌ្ឍរីកចម្រើនគួរឲ្យកត់សម្គាល់។ ទោះយ៉ាងណា សម្តេចថា ថ្វីត្បិតតែតំបន់អភិវឌ្ឍន៍រុនតាឯកមានភ្លើងចូល ប្រព័ន្ធទឹកក្រោមដីមិនទាន់បាន ១០០%ក្តី ប៉ុន្តែរាជរដ្ឋាភិបាលនឹងរុញបន្តទៀត ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បើប្រៀបធៀបក្រោម ៥០០ថ្ងៃមុន តំបន់រុនតាឯក បានរីកចម្រើនគួរជាទីកត់សម្គាល់ ហើយរយៈពេល ២ ឬ ៣ឆ្នាំទៅមុខ រុនតាឯក នឹងបន្តរីកជាទីក្រុងមួយដែលសំខាន់សម្រាប់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏ថ្លែងអំណរគុណដល់ស្ថាប័នពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានស្ម័គ្រចិត្តផ្លាស់ប្តូរមកទីតាំងនេះ ។ សម្តេច ថា ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរមករស់នៅតំបន់រុតតាឯកនេះ គឺដើម្បីផលប្រយោជន៍ជាតិយូរអង្វែងសម្រាប់កូនខ្មែរជំនាន់ក្រោយៗផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ទៀតថា ការស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គររបស់បងប្អូនប្រជាពលរដ្ឋ ក៏ជាការបង្ហាញនូវការជឿជាក់លើសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចមានចក្ខុវិស័យវែងឆ្ងាយក្នុងការអភិវឌ្ឍប្រទេសជាតិ ការពារអាយុជីវិតប្រជាជន រួមទាំងការពារសម្បត្តិវប្បធម៌ជាតិផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលជឿជាក់លើសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា តាមរយៈការបោះឆ្នោតគាំទ្រភ្លូកទឹកភ្លូកដី ចំពោះគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ ព្រោះបងប្អូនបានដឹងថា ក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ សម្តេចតេជោ ខិតខំប្រឹងប្រែងដើម្បីការពារអាយុជីវិតប្រជាជន និងការពារសម្បត្តិវប្បធម៌ជាតិ៕

អត្ថបទ ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ ,ង៉ាន់ ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner