ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នឹងធ្វើសេចក្តីថ្លែងការណ៍ តំណាងរាជរដ្ឋាភិបាលកម្ពុជា នៅសន្និសីទអង្គការ សហប្រជាជាតិ ស្តីពីការ ប្រែប្រួលអាកាសធាតុលើកទី២៨ (COP28) នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ លើកទី២៨ (COP28) នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម នៅរសៀល ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ ២០២៣។

តាមការគ្រោងទុក ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នឹងថ្លែងការណ៍ ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅសន្និសីទ(COP28) ពីកម្ពុជា ដែលប្តេជ្ញាដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីដោះស្រាយបញ្ហា នៃការប្រែប្រួលអាកាសធាតុ។ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី នឹងថ្លែងចំពោះមុខថ្នាក់ដឹកនាំមកពីជុំវិញពិភពលោក ជំរុញឱ្យ COP28 ចាប់ផ្តើមនៃកិច្ចសហការជាសកល ដែលមិនធ្លាប់មានពីមុនមក សម្រាប់ភាពធន់នឹងអាកាសធាតុ ដោយធានានូវសុខុមាលភាព របស់សហគមន៍ និងសុខភាពនៃភពផែនដីរបស់យើង។

ទោះបីជាកម្ពុជា ជាអ្នកបញ្ចេញឧស្ម័នទាប ក៏ដោយ ក៏យើងដឹងអំពីភាពងាយរងគ្រោះ របស់យើង ចំពោះផលប៉ះពាល់អវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ មានប្រសាសន៍លើកឡើង បន្ថែមរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នៅក្នុងឱកាសមុនអញ្ជើញចូលរួមកិច្ចប្រជុំ។

គួរបញ្ជាក់ថា ជាក្នុងដំណើរឆ្ពោះទៅរកការបំភាយឧស្ម័នសូន្យនៅឆ្នាំ២០៥០ កម្ពុជាកំពុងផ្តោតលើអាទិភាពដល់ យុទ្ធសាស្ត្រ ‘កម្ពុជាបៃតង’ ដែលមានគោលបំណងដាំដើមឈើ ឱ្យបានជាង ១លានដើមក្នុងមួយឆ្នាំ ដើម្បីទទួលបានគម្របព្រៃឈើ ៦០ភាគរយនិងជាប្រទេសអព្យាក្រឹតភាពកាបូន នៅឆ្នាំ២០៥០៕
ដោយ ៖ ម៉ាដេប៉ូ

