អគ្គលេខាធិការរង «អ្នកលេងគុន» គឺជាព្រឹត្តការណ៍ ដើម្បីផ្សព្វផ្សាយគុនល្បុក្កតោឱ្យកាន់តែសុសសាយ លើឆាកអន្ដរជាតិ
ភ្នំពេញ៖ លោក អ៊ួ តារា អគ្គលេខាធិការរងសហព័ន្ធ កីឡា គុនល្បុក្កតោកម្ពុជា បានចាត់ទុកព្រឹត្តិការណ៍ «អ្នកលេងគុន» គឺជាឱកាសផ្សព្វផ្សាយគុនល្បុក្កតោ ដែលបន្សល់ទុកពីបុព្វបុរសខ្មែរជាយូរលង់ណាស់មកហើយ ដល់ឆាកអន្តរជាតិថាជារបស់ខ្មែរ ។

នេះការបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី ព្រឹត្តិការណ៍ «អ្នកលេងគុន» វគ្គ២កាលពីថ្ងៃទី៨ ខែធ្នូនេះ ដោយមានកីឡាករជើងខ្លាំងមកពី ៥ប្រទេស ចូលរួម ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ប្រទេសមក ចូលរួម ប្រកួត មាន វៀតណាម ឡាវ ហ្វីលីពីន និងឥណ្ឌូនេស៊ី ។ការប្រកួត ប្រព្រឹត្តទៅ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។

លោក អ៊ូ តារា បន្ថែមថា សហព័ន្ធមានតួនាទីក្នុង ការ អភិរក្ស និងអភិវឌ្ឍន៍ ផ្សារភ្ជាប់ជាមួយការប្រកួត និងខ្លឹម សារវប្បធម៌ជាច្រើន ពាក់ព័ន្ធគុនល្បុក្កតោ ។ ប៉ុន្ដែ អ្នក លេង គុន នឹងក្លាយជាជំហានថ្មីមួយ ដើម្បីរុញគុនល្បុក្ក តោឱ្យឡើងដល់មួយកម្រិតទៀត តាមរយៈការប្រកួត លក្ខណៈអាជីព ដោយប្រកាន់ភ្ជាប់ទម្រង់ប្រកួតបែបគុន ល្បុក្កតោបុរាណ ដែលមានចារឆ្លាក់លើជញ្ជាំងប្រាសាទ ខ្មែរ។
លោក អគ្គលេខាធិការរង រំពឹងថា អ្នកលេងគុន នឹង ក្លាយជាចលករ ផ្សព្វផ្សាយ ពីវីរៈភាពរបស់ដូនតា ពីប៉ុន្មានពាន់ឆ្នាំមុន មកសម័យបច្ចុប្បន្ន ដើម្បីបង្ហាញ ឱ្យឃើញគុណតម្លៃ គុណភាពអស្ចារ្យ មួយនេះ ។

ចំពោះកម្មវិធីប្រកួតខាងលើ មានកីឡាករគុន ល្បុក្កតោ របស់កម្ពុជាប្រាំពីរ រូប ត្រូវស្វាគមន៍កីឡាករខ្លាំងមកពី តំបន់រួមមាន កីឡាករ ចាន់ រតនា ត្រូវជួបជើងខ្លាំង ហ្វីលីពីន John Mc Leary Ornido, កីឡាករ រិន សារ័ត្ន ជួបកីឡាករឥណ្ឌូនេស៊ី Muhammad yunus dhae atu, កីឡាករ មាស រាជៈ ជួបកីឡាករឥណ្ឌូនេស៊ី SanJaya Hutagaol ។

ចំណែកកីឡាករ ណាង សុវណ្ណ ជួបកីឡាករវៀតណាម Pham Van Giang និងកីឡាករ ស៊ូ កក្កដា ជួបកីឡាករ ហ្វីលីពីន Jiar Orlando Castillo ។ កីឡាករ ពេជ្រ ខាំ តៃ ជួបកីឡាករវៀតណាម Hoang Phuc Thuan និង កីឡាករ ពេជ្រ ពន្លឺ ជួបអ្នកលេងគុនល្បុក្កតោមកពីឡាវ Honggvixay sivilay នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ៕
ដោយ៖ចាន់ វិចិត្រ

