អាជ្ញាធរមីន អំពាវនាវជាថ្មីដល់ពលរដ្ឋកុំទៅតំបន់ដែលមិនស្គាល់ច្បាស់ ខណៈពលរដ្ឋម្នាក់ទៀតរងគ្រោះដោយសារផ្ទុះមីន
ភ្នំពេញ៖ អាជ្ញាធរមីនអំពាវនាវជាថ្មីដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅរុករានតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់លាស់ ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុដោយសារគ្រាប់មីន ខណៈពលរដ្ឋម្នាក់ទៀតនៅខេត្តបាត់ដំបង រងបួសធ្ងន់ដោយសារផ្ទុះមីន។
អាជ្ញាធរមីនបានឱ្យដឹងនៅថ្ងៃទី ៨ខែធ្នូ ឆ្នាំ ២០២៣ នេះថា មានឧប្បត្តិហេតុផ្ទុះមីនមួយករណីនៅភូមិកញ្ចាំង ឃុំសុង ស្រុកសំឡូត ខេត្តបាត់ដំបង ។ក្នុងហេតុការណ៍នោះកើតឡើងដោយសារប្រជាពលរដ្ឋឈ្មោះ ភន ភេទ ប្រុស អាយុ២៨ឆ្នាំ បើកបរត្រាក់ទ័រភ្ជួរដីបណ្ដាលឱ្យផ្ទុះមីនខូចខាតត្រាក់ទ័រ និងជនរងគ្រោះរបួសធ្ងន់។

ជាមួយគ្នា្ននេះ អាជ្ញាធរមីន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅរុករានតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល។
គួររំឭកថា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅឃុំព្រះប្រឡាយ ខេត្តឧត្តរមានជ័យ បុរសអ្នកបើកកបរត្រាក់ទ័រភ្ជួរដីម្នាក់បានរងរបួសស្រាល ដែលបណ្តាលមកពីការភ្ជួរដីក្នុងចម្ការរបស់គាត់ ដោយត្រាក់ទ័របានជាន់ចំគ្រាប់មីនតោនកប់ក្នុងដីជាសំណល់សង្គ្រាម។ ការផ្ទុះនេះបានបង្កការខូចខាតត្រាក់ទ័រទាំងស្រុង។

យោងតាមអាជ្ញាធរមីន ចាប់ពីឆ្នាំ១៩៩២ ដល់ខែមិថុនា ឆ្នាំ២០២៣នេះ កម្ពុជាបានបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រាប់បញ្ចូលទាំងគ្រាប់បែកចង្កោម ក្នុងទំហំផ្ទៃដីចំនួន ២ ៧៦១ គីឡូម៉ែត្រក្រឡា ដែលផ្ទៃដីទាំងនេះត្រូវបានយកមកប្រើប្រាស់សម្រាប់វិស័យកសិកម្ម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់លំនៅឋាន និងគោលបំណងសេដ្ឋកិច្ច-សង្គមដទៃទៀត។
អាជ្ញាធរមីន បង្ហាញការជឿជាក់ថា បញ្ចប់ឆ្នាំ២០២៣ខាងនេះ ផ្ទៃដីបោសសម្អាតរួចនឹងកើនឡើងរហូតដល់ ២ ៩៥០ គីឡូម៉ែត្រក្រឡា៕ ដោយ៖ សុខ រក្សា