អ៊ីរ៉ង់ព្រមានផ្ទុះសង្គ្រាមកាន់តែរីកធំឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបោះឆ្នោតវេតូបទឈប់បាញ់នៅហ្កាហ្សា

តេរ៉ង់៖ ប្រទេសអ៊ីរ៉ង់នៅថ្ងៃសៅរ៍នេះ បានព្រមានពីការផ្ទុះសង្គ្រាមដែលមិនអាចគ្រប់គ្រងបាននៅតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីសហរដ្ឋអាមេរិកបោះឆ្នោតវេតូលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលអំពាវនាវឱ្យមានបទឈប់បាញ់ក្នុងជម្លោះនៅតំបន់ហ្កាហ្សា។

សហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្តាហ៍នេះ បានបោះឆ្នោតវេតូលើសំណើមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់មួយ នៅក្នុងសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ខណៈការប្រយុទ្ធគ្នាកើតឡើងពាសពេញតំបន់ហ្កាហ្សា។

ជុំវិញបញ្ហានេះដែរ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក ហូស្សេន អាមែរ អាបដូល្លាហ៊ីយ៉ាន បានប្រាប់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ថូនីញ៉ូ ហ្គូទែរេស ថា ការអះអាងរបស់អ៊ីស្រាអែល ដែលថា ក្រុមហាម៉ាសរំលោភលើបទឈប់បាញ់ គឺជារឿងមិនពិតទាំងស្រុង និងថា ការគាំទ្ររបស់អាមេរិកដល់អ៊ីស្រាអែល ក្លាយជាឧបសគ្គលំបាក ក្នុងការសម្រេចបាននូវបទឈប់បាញ់យូរអង្វែង។ ទន្ទឹមគ្នា ប្រមុខការទូតអ៊ីរ៉ង់រូបនេះ ក៏បានអំពាវនាវឱ្យមានការបើកច្រកព្រំដែនរ៉ាហ្វាជាបន្ទាន់ ដើម្បីអាចឱ្យជំនួយមនុស្សធម៌បញ្ជូនទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប។

ក្រុមមន្ត្រីសុខាភិបាលហ្កាហ្សាបានឱ្យដឹងថា ចំនួនអ្នកស្លាប់ក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលបានកើនដល់ ១៧,៤៨៧នាក់ ចាប់តាំងពីអ៊ីស្រាអែលប្រកាសធ្វើសង្រ្គាមសងសឹក ទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា លើភាគខាងត្បូងនៃប្រទេសរបស់ខ្លួន ដោយបានសម្លាប់មនុស្សប្រមាណ ១,២០០នាក់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner