គិតត្រឹមល្ងាចថ្ងៃទី៩ ខែធ្នូ៖ មានគណបក្សនយោបាយចំនួន៤ បានដាក់ពាក្យស្នើសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

ភ្នំពេញ៖ គិតត្រឹមល្ងាចថ្ងៃទី៩ ខែធ្នូនេះ មានគណបក្សនយោបាយចំនួន៤ បានដាក់ពាក្យស្នើសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ គណបក្សនយោបាយចំនួន៤ រួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប ថ្លែងប្រាប់ AMS នៅល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣។

ឯកឧត្តម សោម សូរីដា បានបញ្ជាក់ថា ក្នុងចំណោមគណបក្សនយោបាយទាំង៤ គឺគណបក្សប្រជាជនកម្ពុជា ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ ការសម្រេចទទួលស្គាល់ជាផ្លូវការនេះ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។ នៅសល់គណបក្សនយោបាយចំនួន៣ទៀត គ.ជ.ប កំពុងពិនិត្យ។ តាមកម្មវិធីដែលបានគ្រោងទុក គឺនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ គ.ជ.ប នឹងពិនិត្យលើពាក្យស្នើសុំចុះបញ្ជីរបស់គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ។

សូមជម្រាបថា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជា ដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានសម្រេចទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន ៨ (ប្រាំបី) ភូមិភាគ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ គណបក្សប្រជាជនកម្ពុជា បានដាក់បេក្ខជនពេញសិទ្ធិចំនួន៥៨រូប និងបេក្ខជនបម្រុង៥៨រូប សម្រាប់មណ្ឌលបោះឆ្នោតទាំង ៨ភូមិភាគ។ ចំណែកគណបក្សឆន្ទៈខ្មែរ ដែលជាគណបក្សសម្ព័ន្ធមិត្តជាមួយគណបក្សភ្លើងទៀន បានទៅដាក់ពាក្យស្នើសុំចុះបញ្ជីគណបក្សនយោបាយ បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ កាលពីរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។ រីឯគណបក្សកម្លាំងជាតិ បានទៅដាក់ពាក្យស្នើសុំចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។ គណបក្សហ៊្វុនស៊ិនប៉ិច បានទៅដាក់ពាក្យស្នើសុំចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣។

សូមជម្រាបថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ដោយមិនគិតថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ឬថ្ងៃបុណ្យនោះទេ។ ក្នុងរយៈពេល ១៥ថ្ងៃនេះ គណបក្សនយោបាយដែលបានចុះបញ្ជីស្របតាមច្បាប់ស្តីពីគណបក្សនយោបាយមានសិទ្ធិស្នើសុំចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤”។ យោងតាមប្រតិទិននៃការបោះឆ្នោត គឺការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើ សក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤៕
ដោយ៖ពលជ័យ

ads banner