អង្គការសហប្រជាជាតិត្រូវការថវិកា ៤៦.៤ពាន់លានដុល្លារ ដើម្បីបំពេញតម្រូវការមនុស្សធម៌ក្នុងឆ្នាំ ២០២៤
ហ្សឺណែវ៖ អង្គការសហប្រជាជាតិ នៅថ្ងៃចន្ទសប្តាហ៍នេះ បានប្រកាសអំពាវនាវឱ្យមានការរៃអង្គាសថវិកា ៤៦.៤ពាន់លានដុល្លារ សម្រាប់ឆ្នាំ ២០២៤ ដើម្បីយកទៅជួយសង្គ្រោះជីវិតមនុស្សក្នុងរង្វង់ ១៨០លាននាក់ ដែលរងផលប៉ះពាល់ដោយសារវិបត្តិមនុស្សធម៌នៅទូទាំងសកលលោក។
ប្រធានផ្នែកជំនួយរបស់អង្គការសហប្រជាជាតិ លោក Martin Griffiths បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា មនុស្សជិត ៣០០លាននាក់ នឹងត្រូវការជំនួយមនុស្សធម៌នៅឆ្នាំក្រោយ ដោយសារជម្លោះ, ភាពអាសន្នអាកាសធាតុ និងកត្តាសេដ្ឋកិច្ច។ ជំនួយនោះរួមមានមនុស្ស ៧៤,១លាននាក់នៅអាហ្វ្រិកខាងកើត និងខាងត្បូង ដែលមួយផ្នែកធំរងផលប៉ះពាល់ដោយសារវិបត្តិជម្លោះនៅប្រទេសស៊ូដង់។
ចំណែកនៅតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងត្រូវការថវិកា ១៣.៩ពាន់លានដុល្លារ ដែលជាចំនួនសរុបធំបំផុតក្នុងឆ្នាំ ២០២៤។ ក្រៅពីប្រទេសស៊ីរី ទឹកដីប៉ាឡេស្ទីន និងយេម៉ែន លោក Griffiths ក៏បានចង្អុលទៅស៊ូដង់ និងប្រទេសជិតខាង ក៏ដូចជាអ៊ុយក្រែន អាហ្វហ្គានីស្ថាន វេណេស៊ុយអេឡា និងមីយ៉ាន់ម៉ា ដែលជាចំណុចក្តៅត្រូវការការយកចិត្តទុកដាក់ជាសកល។ ដែលនេះគឺជាការខ្វះខាតមូលនិធិដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំ។
ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយនៅក្នុងការវាយតម្លៃប្រចាំឆ្នាំរបស់ខ្លួន អំពីតម្រូវការមនុស្សធម៌សកលថា ប្រព័ន្ធជំនួយមនុស្សធម៌កំពុងតែប្រឈមមុខនឹងវិបត្តិមូលនិធិដ៏ធំមួយ ដោយកាលពីឆ្នាំមុន ទទួលបានត្រឹមជាង ១ភាគ៣ប៉ុណ្ណោះ នៃថវិកាគោលដៅចំនួន ៥៧ពាន់លានដុល្លារ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

