រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បញ្ជាក់នូវការងារជាសារវន្តចំនួន៣ ក្នុងការលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាព និងសមិទ្ធកម្ម ក្នុងរដ្ឋបាលសាធារណៈ
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ គូសបញ្ជាក់នូវការងារជាសារវន្តចំនួន៣ ក្នុងការលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាព និងសមិទ្ធកម្ម ក្នុងរដ្ឋបាលសាធារណៈ តាមរយៈ៖ (១) ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី (២) ការលើកកម្ពស់ប្រសិទ្ធភាពការងារក្នុងរដ្ឋបាលសាធារណៈ និង(៣) ការរៀបចំប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ក្នុងរដ្ឋបាលសាធារណៈ ។
ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបញ្ជាក់ដូច្នេះក្នុងឱកាសដឹកនាំជាសហការី ក្រសួងមុខងារសាធារណៈ ចូលរួមកិច្ចប្រជុំជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា និងក្រសួងមុខងារសាធារណៈ ដឹកនាំដោយឯកឧត្តម កែប ជុតិមា សមាជិករដ្ឋសភា និងជាប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា រួមនឹងសមាជិក សមាជិកា គណៈកម្មការជំនាញនៃរដ្ឋសភាព នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ក្នុងគោលបំណង ដើម្បីពិភាក្សា ស្វែងយល់អំពីវឌ្ឍនភាពការងារ និងទិសដៅអនុវត្តបន្តរបស់ក្រសួងមុខងារសាធារណៈ ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។
ឯកឧត្តមរដ្ឋមន្ត្រី ហ៊ុន ម៉ានី បានរាយការណ៍ពីវឌ្ឍនភាពការងាររបស់ក្រសួងមុខងារសាធារណៈ នាពេលកន្លងមក ស្របតាមបេសកកម្មដែលក្រសួងបានដាក់ចេញ ដើម្បីឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ។
ឯកឧត្តម កែប ជុតិមា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រសួងសម្រេចបាន និងថ្លែងអំណរគុណចំពោះកិច្ចសហការដ៏ល្អរវាងក្រសួងមុខងារសាធារណៈ និងគណៈកម្មការរដ្ឋសភា ក្នុងអាណត្តិកន្លងមក ហើយឯកឧត្តមសង្ឃឹមថា ក្នុងអាណត្តិថ្មីទី៧នេះ ក្រសួងមុខងារសាធារណ: ដែលមានឯកឧត្តម ហ៊ុន ម៉ានី ជារដ្ឋមន្រ្តី នឹងសម្រេចបានលទ្ធផលបន្តបន្ទាប់ទៀតជូនជាតិ និងប្រជាពលរដ្ឋ។
សូមជម្រាបជូនថា នេះជាកិច្ចប្រជុំលើកដំបូងក្នុងអាណត្តិទី៧ នៃរដ្ឋសភា រវាងគណៈកម្មការទី៤ នៃរដ្ឋសភា និងក្រសួងមុខងារសាធារណៈ ដែលក្នុងកិច្ចប្រជុំនេះមិនត្រឹមតែជាការជម្រាបជូនជារបាយការណ៍ជូន គណៈកម្មការទី៤ នៃរដ្ឋសភាតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញឆន្ទៈដ៏មោះមុតក្នុងការអនុវត្តវិធានការគន្លឹះនៃការកែទ្រង់រដ្ឋបាលសាធារណៈ ក្រោមការចង្អុលបង្ហាញ និងការតម្រង់ទិសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ៕
ដោយ៖ វណ្ណលុក



