ចិនលុបចោលបម្រាមលើការនាំចូលសាច់ពីទីសត្តឃាតចំនួន៣របស់អូស្រ្តាលី
ប៉េកាំង៖ នៅថ្ងៃអង្គារនេះ ចិនបានសម្រេចដកចេញវិធានការរឹតបន្តឹងលើការនាំចូលសាច់ពីទីសត្តឃាតចំនួន៣នៅអូស្រ្តាលី ខណៈដែលប្រទេសដៃគូពាណិជ្ជកម្មទាំងពីរកំពុងព្យាយាមជួសជុលទំនាក់ទំនងដ៏តានតឹង។
រដ្ឋមន្ត្រីក្រសួងកសិកម្មអូស្រ្តាលី លោក Murray Watt បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ព័ត៌មានចិនដកបម្រាមចេញពីទីសត្តឃាតចំនួនបីរបស់អូស្រ្តាលី ជាដំណឹងស្វាគមន៍យ៉ាងខ្លាំងសម្រាប់កសិករ និងក្រុមហ៊ុនកែច្នៃសាច់អូស្ត្រាលី។ លោកបន្តថា ក្នុងនាមជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់យើង ការធ្វើឱ្យមានប្រក្រតីភាពពាណិជ្ជកម្មជាមួយប្រទេសចិន គឺជាជ័យជម្នះសម្រាប់វិស័យកសិកម្មរបស់យើង។
រីឯរដ្ឋមន្ត្រីពាណិជ្ជកម្មអូស្រ្តាលី លោក Don Farrell ក៏បានបញ្ជាក់ដែរថា ការសម្រេចចិត្តរបស់ភាគីចិននេះ គឺជាជំហានវិជ្ជមានមួយទៀតឆ្ពោះទៅរកស្ថេរភាព ក្នុងទំនាក់ទំនងរវាងអូស្រ្តាលីជាមួយនឹងចិន។
គួរបញ្ជាក់ថា ទំនិញនាំចេញដែលរកចំណូលបានច្រើនបំផុតរបស់អូស្ត្រាលី ត្រូវបានហាមឃាត់ទាំងស្រុងពីចិន ស្របពេលដែលប្រទេសទាំងពីរបានប្រយុទ្ធនឹងជម្លោះការទូតដ៏ជូរចត់ក្នុងចន្លោះឆ្នាំ២០២០ និងឆ្នាំ២០២២។
ប៉ុន្តែនៅពេលដែលទំនាក់ទំនងប្រទេសទាំងពីរ មានភាពប្រសើរឡើងកាលពីឆ្នាំមុន ក្រោយចិនបានកាត់បន្ថយពន្ធលើស្រូវបាលីរបស់អូស្រ្តាលី, ដកបម្រាមលើការនាំចូលឈើ និងបន្តការដឹកជញ្ជូនធ្យូងថ្មឡើងវិញ។ បើតាមមន្ត្រីអូស្ត្រាលី ចិនក៏ដកបម្រាមចេញពីទីសត្តឃាតធំៗចំនួនបីរបស់អូស្រ្តាលីផងដែរ។ យោងតាមក្រុមហ៊ុនឧស្សាហកម្មបសុសត្វបានប៉ាន់ប្រមាណថា អូស្រ្តាលីបានខាតបង់ប្រាក់អស់រាប់រយលានដុល្លារ បន្ទាប់ពីការធ្វើពាណិជ្ជកម្មសាច់ក្រហមជាមួយចិនត្រូវផ្អាក៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា