ឯកឧត្តម ស៊ុន ចាន់ថុល ស្នើឱ្យភាគីថៃទទួលបណ្ដុះបណ្ដាលកីឡាករ កីឡាការិនីហែលទឹកកម្ពុជានៅប្រទេសថៃ និងបានស្នើសុំផ្ដល់គ្រូបង្វឹកថៃ មកបណ្ដុះបណ្ដាលកីឡាករ កីឡាការិនី នៅកម្ពុជា
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្ដម Sarayut Boonjue អនុព័ន្ធយោធា នៃស្ថានទូតព្រះរាជាណាចក្រថៃប្រចាំកម្ពុជា លើកិច្ចសហប្រតិបត្តិការចំពោះទស្សនកិច្ចសិក្សា និងការដកស្រង់បទពិសោធន៍គ្នាទៅវិញទៅមករបស់កីឡាករ កីឡាការិនីហែលទឹកនៃប្រទេសទាំងពីរ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធរបស់ក្រសួងផងដែរ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការលើកឡើងរបស់ឯកឧត្ដម Sarayut Boonjue ដែលមានបំណងបង្កើតកិច្ចសហប្រតិបត្តិការលើទស្សកិច្ចសិក្សារបស់កីឡាករ កីឡាការិនីហែលទឹករបស់ប្រទេសទាំងពីរ ដើម្បីឱ្យពួកគេបានដកស្រង់បទពិសោធន៍ គ្នាទៅវិញទៅមក។
ជាមួយគ្នានោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានស្នើឱ្យភាគីថៃទទួលបណ្ដុះបណ្ដាលកីឡាករ កីឡាការិនីហែលទឹកកម្ពុជានៅប្រទេសថៃ និងបានស្នើសុំផ្ដល់គ្រូបង្វឹកថៃ មកបណ្ដុះបណ្ដាលកីឡាករ កីឡាការិនីកម្ពុជា នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
ឯកឧត្ដម Sarayut Boonjue បានបង្ហាញចំណាប់អារម្មណ៍ចំពោះការលើកឡើងនេះ ហើយឯកឧត្ដមនឹងយកសំណើនេះទៅជម្រាបជូនថ្នាក់ដឹកនាំ ដើម្បីពិនិត្យសម្រេច។
សូមបញ្ជាក់ថា ជំនួបនេះធ្វើឡើងក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការក្នុងការបញ្ជូនកីឡាករ កីឡាការិនីហែលទឹកនៃប្រទេសទាំងពីរ ទៅទស្សនកិច្ចសិក្សា និងដកស្រង់បទពិសោធន៍គ្នាទៅវិញទៅ មកសំដៅពង្រឹងសមត្ថភាពរបស់ពួកគេឱ្យបានគ្រប់គ្រាន់ និងពេញលេញ៕







