ក្រសួងការងារ នឹងបើកប្រាក់ឧបត្ថម្ភដល់កម្មករកាត់ដេរចំនួន ២៣រោងចក្រ ដែលរងផលប៉ះពាល់ដោយសារវិបត្តិសេដ្ឋកិច្ចសកលលើកទី១៤

(ភ្នំពេញ)៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងមួយបញ្ជាក់អំពីការការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរ កិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី១៤) ដែលបានព្យួរកិច្ចសន្យាការងារចាប់ពី ខែតុលា និងខែវិច្ឆិកា ឆ្នាំ២០២៣ នៃរោងចក្រ ទាំង២៣ នៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិត ផលិតផលធ្វើដំណើរ និងកាបូប (ដូចមានភ្ជាប់នៅក្នុងឧបសម្ព័ន្ធ) ។

បើយោងតាមសេចក្តីជូនដំណឹងខាងលើនេះបានបញ្ជាក់ថាកម្មករនិយោជិតធ្វើការនៅរោងចក្រក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិង កាបូប ដែលរងផលប៉ះពាល់ដោយសារវិបត្តិសេដ្ឋកិច្ចសកល ធនាគារ វីង នឹងផ្ញើសារអំពីការបើក ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរសព្ទ ដែលបងប្អូនបានផ្តល់មកឱ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រ នាពេលកន្លងមក ។

ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះចំនួន ៨១ ០០០រៀល (២០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ៧ថ្ងៃ ដល់ ១៤ថ្ងៃ និង ១៦២ ០០០រៀល (៤០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១៥ថ្ងៃ ដល់ ១ខែ ។

ក្រសួងបានរំឭកថា ធនាគារ វីងនឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាបងប្អូន ខកខាន មិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល ២១ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរសព្ទពីធនាគារ វីង។ ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ បងប្អូនត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទូរសព្ទដែលទទួលបានសារនោះ ទៅកាន់ភ្នាក់ងារវីងដែលនៅជិតបំផុត ។

សូមបញ្ជាក់ថា បងប្អូនមិនតម្រូវឱ្យបង់ថ្លៃសេវាទៅភ្នាក់ងារវីងឡើយពេលបើកប្រាក់ឧបត្ថម្ភនេះ ។

ក្នុងករណីបងប្អូនកម្មករនិយោជិត ដែលបម្រើការងារនៅរោងចក្រទាំង២៣ នេះ មិនបានទទួលសារទូរសព្ទពីធនាគារ វីង នោះពួកគេនឹងទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់ខ្លួនទៅរដ្ឋបាលរោងចក្ររបស់ខ្លួន ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner