រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ ជាប់ឆ្នោតជាប្រធានគណៈកម្មាការអឺរ៉ុប ជាស្ត្រីដំបូងគេ
អត្ថបទដោយ៖
Kien Sereyvuth
អឺរ៉ុប៖ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោកស្រី Ursula von der Leyen បានជាប់ឆ្នោតជាប្រធានគណៈកម្មាការអឺរ៉ុបជាស្ត្រី និងជាជនជាតិអាល្លឺម៉ង់ដំបូងគេបំផុត ដែលនឹងកាន់តំណែងកំពូលនេះ ក្នុងរយៈពេលច្រើនជាង៥០ឆ្នាំមកនេះ។ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់រូបនេះ នឹងត្រូវឡើងកាន់តំណែងជាប្រធានគណៈកម្មការអឺរ៉ុបជំនួសលោក Jean-Claude Juncker នៅថ្ងៃទី០១ ខែវិច្ឆិកា ខាងមុខនេះ។

សូមជម្រាបផងដែរថា នៅក្នុងការបោះឆ្នោតជាសម្ងាត់មួយនៅល្ងាចថ្ងៃអង្គារ សប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) សមាជិកសភាអឺរ៉ុប បានបោះឆ្នោតគាំទ្រលោកស្រី von der Leyen ក្នុងសំឡេងគាំទ្រ៣៨៣ ទល់នឹង៣២៧សំឡេង នៃសមាជិកសភាអឺរ៉ុបសរុប៧៤៧នាក់ ខណៈសមាជិកសភាអឺរ៉ុប៤នាក់ផ្សេងទៀតអវត្តមាននៅក្នុងការបោះឆ្នោតនេះ៕ធ.ដ


