ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ពន្លឿនការងារចុះបញ្ជីដី ធ្លី បង្ហើយ ជូនប្រជាពលរដ្ឋ

(កំពង់ឆ្នាំង)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង បានឯកភាពគ្នាពន្លឿនការចុះបញ្ជីដីធ្លី ដែលនៅសេសសល់ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ដោយប្រើប្រាស់សម្ភារៈ និងកម្លាំងសរុបរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីអ្នកស្ម័គ្រចិត្ត និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើការរៀបចំចុះបញ្ជីដីធ្លីក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចូលរួមពីគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត អភិបាលក្រុង ស្រុក និងអាជ្ញាធរមូលដ្ឋានទូទាំងខេត្តកំពង់ឆ្នាំង ។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការពន្លឿនការងារចុះបញ្ជីដីធ្លីគឺជាកិច្ចការដែលក្រសួង រួមជាមួយមន្ទីររៀបចំដែនដី ខេត្តកំពង់ឆ្នាំង និងរដ្ឋបាលខេត្ត ក៏ដូចជារដ្ឋបាលមូលដ្ឋាន បាននិងកំពុងឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ ដែលនឹងជួយលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្រសួង និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏បានគិតគូរលើការរៀបចំកែលម្អទីប្រជុំជននានា និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈក្នុងខេត្តកំពង់ឆ្នាំង ដោយប្រើប្រាស់ថវិកាជាតិ និងការរួមចំណែកក្រោមគម្រោងនានារបស់ដៃគូអភិវឌ្ឍន៍ ដើម្បីបង្កើនសោភ័ណភាពខេត្ត សំដៅទាក់ទាញភ្ញៀវទេសចរណ៍ចូលមកទស្សនាកំសាន្តឱ្យកាន់តែច្រើន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រគល់ជូននូវឧបករណ៍បច្ចេកទេស និងសម្ភារៈបរិក្ខារ សម្រាប់ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងខេត្តកំពង់ឆ្នាំង រួមមាន ម៉ាស៊ីនវាស់វែង TOPCON Hyper SR ចំនួន២០គ្រឿង ម៉ាស៊ីនវាស់វែង SINO GNSS T300 ចំនួន៧គ្រឿង កុំព្យូទ័រលើតុ ចំនួន១៥គ្រឿងនិងម៉ាស៊ីនព្រីន ចំនួន១៦គ្រឿង ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner