ប្រមុខណាតូព្រមានថា ហានិភ័យនឹងលេចឡើង បើសិនលោក ពូទីន ឈ្នះសង្គ្រាមនៅអ៊ុយក្រែន
ព្រុចសែល៖ អគ្គលេខាធិការអង្គការណាតូ លោក ជែន ស្ដូលធិនបឺគ បានព្រមាននៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា មាន “ហានិភ័យពិតប្រាកដ” បើសិនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មិនបញ្ឈប់សង្គ្រាមជាមួយអ៊ុយក្រែន ហើយគាត់ទទួលជ័យជំនះផ្នែកយោធានៅទីនោះ។
អគ្គលេខាធិការអង្គការណាតូ លោក ជែន ស្ដូលធិនបឺគ បានសង្កត់ធ្ងន់ថា ការរំពឹងទុកពីហានិភ័យនេះហើយ ជាមូលហេតុដែលសម្ព័ន្ធមិត្តណាតូ ត្រូវតែបន្តគាំទ្រជំនួយផ្នែកយោធាដល់អ៊ុយក្រែន។ លោក ស្តូលធិនបឺគ បាននិយាយថា ប្រសិនបើលោក ពូទីន ឈ្នះសង្គ្រាមនៅអ៊ុយក្រែន នោះវានឹងមានហានិភ័យពិតប្រាកដ ដែលថា ការឈ្លានពានរបស់គាត់នឹងមិនបញ្ឈប់នៅត្រឹមទីនោះទេ។

លោក ស្តូលធិនបឺគ បានគូសបញ្ជាក់ថា ការគាំទ្ររបស់យើងមិនមែនជាជំនួយសប្បុរសធម៌ទេ… វាគឺជាការវិនិយោគលើផ្នែកសន្តិសុខរបស់យើង។ មធ្យោបាយតែមួយគត់ ដែលឈានទៅដល់ដំណោះស្រាយដ៏ត្រឹមត្រូវ និងយូរអង្វែង នោះគឺត្រូវបញ្ចុះបញ្ចូលលោក ពូទីន ថា ពួកគេមិនអាចឈ្នះសង្គ្រាមនៅលើសមរភូមិឡើយ និងត្រូវបន្តគាំទ្រអ៊ុយក្រែន។
ការអត្ថាធិប្បាយរបស់លោក ស្តូលធិនបឺគ ខាងលើ ធ្វើឡើងចំពេលដែលការគាំទ្រជំនួយបន្ថែមទៀតដល់អ៊ុយក្រែនបានធ្លាក់ចុះ នៅក្នុងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ ការព្រមានរបស់ប្រមុខអង្គការណាតូនេះដែរ កើតឡើងខណៈដែលលោក ពូទីន និយាយថា កងកម្លាំងរុស្ស៊ីកំពុងកែលម្អជំហររបស់ខ្លួននៅសមរភូមិជួរមុខភាគច្រើនក្នុងប្រទេសអ៊ុយក្រែន ហើយប្តេជ្ញាយកជ័យជម្នះក្នុងសង្គ្រាមអ៊ុយក្រែន៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា