ក្រុមម៉ូតូទឹកកម្ពុជាដណ្តើមមេដាយបានបួនគ្រឿងក្នុងព្រឹត្តិការណ៍ Jet Ski World Series (Video Inside)
ក្រុមម៉ូតូទឹកកម្ពុជា បានដណ្ដើមបានមេដាយ៤គ្រឿង ក្នុងថ្ងៃទី២ នៃព្រឹត្តិការណ៍ Jet Ski World Series ជុំផ្ដាច់ព្រ័ត្រនៅក្នុងប្រទេសថៃ។
ព្រឹត្តិការណ៍ Jet Ski World Series ឆ្នាំ២០២៣ បានប្រព្រឹត្តទៅនាមាត់ឆ្នេរសមុទ្ទប៉ាតាយ៉ា ក្នុងប្រទេសថៃ រវាងពីថ្ងៃទី១៣ដល់១៧ធ្នូ។ ក្នុងរយៈពេល២ថ្ងៃគិតត្រឹមថ្ងៃ១៤ធ្នូ, ក្រុមកីឡាម៉ូតូទឹកជម្រើសជាតិកម្ពុជា ដណ្ដើមបានមេដាយ ៤គ្រឿងរួមមាន ប្រាក់ ១គ្រឿង និងសំរឹទ្ធ ៣គ្រឿង។
កីឡាករដែលទទួលបានមេដាយប្រាក់ គឺកីឡាករ ម៉ីន មូសស្ដាន លើវិញ្ញាសា Expert Ski GF ។ រីឯមេដាយសំរឹទ្ធ ៣គ្រឿង គឺដណ្ដើមបានដោយកីឡាករ សាលី ហ្វីលីន លើវិញ្ញាសា Runabout 1100 Limited, កីឡាករ ម៉ីន អូស្មាន់ លើវិញ្ញាសា Novice Ski Stock និងកីឡាករ កៃវ៉ាន់ ស៊ីដែន លើវិញ្ញាសា Novice Ski Stock ។
ការប្រកួតជុំចុងក្រោយនេះ គឺជាជុំទីបីហើយ។ ជុំទី១ បានធ្វើឡើងនៅក្នុងប្រទេសប៉ូឡូញ កាលពីខែឧសភា ប៉ុន្តែក្រុមម៉ូតូទឹកកម្ពុជា ពុំបានចូលរួមនោះទេ ព្រោះជាប់រវល់នឹងការប្រកួតស៊ីហ្គេម ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ។
ការប្រកួតជុំទី២ បានធ្វើនៅក្នុងប្រទេសបារាំង ក្នុងខែកក្កដាដោយក្រុមកម្ពុជាបានចូលរួម និងដណ្ដើមបានមេដាយមាស២, ប្រាក់ ១ និងសំរឹទ្ធ ១ សរុប ៤គ្រឿង។
ចំណែកការប្រកួតរវាងពីថ្ងៃទី១៣ដល់១៧ធ្នូនេះ គឺជាជុំទីបី។ ដោយឡែកនៅក្នុងការប្រកួតកីឡាម៉ូតូទឹក លើទឹកដីសហរដ្ឋអាមេរិក កាលពីខែតុលាកន្លងមកនេះ, ក្រុមកីឡាម៉ូតូទឹកកម្ពុជា ដណ្ដើមបានមេដាយរហូតដល់ចំនួន ៩គ្រឿង ក្នុងនោះមេដាយមាស ៤ គ្រឿង, ប្រាក់ ៤គ្រឿង និងសំរឹទ្ធ ១គ្រឿង៕