កងទ័ពអ៊ីស្រាអែលច្រលំ បាញ់សម្លាញ់ចំណាប់ខ្មាំង ៣នាក់ នៅតំបន់ហ្គាហ្សា

ហ្ស៊េរុយសាឡិម៖ អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីសង្ខេបប្រចាំថ្ងៃរបស់ខ្លួនថា យោធាបានបាញ់សម្លាប់ចំណាប់ខ្មាំងបីនាក់ បន្ទាប់ពី “ច្រឡំ” កំណត់អត្តសញ្ញាណពួកគេ ជាគោលដៅគំរាមកំហែងនោះ ។ អ្នកនាំពាក្យបានបន្ថែមថា កងទ័ពអ៊ីស្រាអែលទទួលខុសត្រូវចំពោះអ្វីគ្រប់យ៉ាងដែលបានកើតឡើង ហើយថា ឧប្បត្តិហេតុនេះ កំពុងស្ថិតក្រោមការត្រួតពិនិត្យបន្ថែម។

លោក Daniel Hagari អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល បានឱ្យដឹង កាលពីថ្ងៃសុក្រ សប្តាហ៍នេះថា យោធារបស់ខ្លួនបានច្រឡំដៃផ្តាច់ជីវិតចំណាប់ខ្មាំង ចំនួន៣នាក់ អំលុងប្រតិបត្តិការយោធានៅឯតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) ក្នុងសង្រ្គាមកម្ទេចក្រុមហាម៉ាស ប៉ាឡេស្ទីន។

ប្រភពបានបន្តថា យោធាអ៊ីស្រាអែលបានសម្តែង ការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារពួកគេ និងបានសន្យាថា នឹងស៊ើបអង្កេតជុំវិញឧប្បត្តិហេតុនេះ ដើម្បីឲ្យមានតម្លាភាពពេញលេញ។

គួរបញ្ជាក់ថា អ្នកទាំង៣នាក់ ស្ថិតក្នុងចំណោមចំណាប់ខ្មាំង ប្រមាណ២៤០នាក់ ដែលត្រូវបានចាប់យក ទៅតំបន់ Gaza អំលុងការឆ្មក់វាយលុកទ្រង់ទ្រាយ ធំរបស់ក្រុមហាម៉ាស លើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ។

បើតាមយោធាអ៊ីស្រាអែល ចំណាប់ខ្មាំងសរុបយ៉ាងហោច២០នាក់ហើយ បានបាត់បង់ជីវិតនៅ Gaza ក្នុងចំណោមជាង១៣០នាក់ទៀត ដែលបន្តជាប់ឃុំឃាំងនៅទីនោះ។ អំលុងការផ្អាកប្រយុទ្ធគ្នារយៈពេល១សប្តាហ៍ កាលពីចុងខែវិច្ឆិកា ក្រុមហាម៉ាសបានដោះលែងចំណាប់ខ្មាំងសរុបជាង ១០០នាក់ ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន២៤០នាក់ ចេញពីពន្ធនាគារអ៊ីស្រាអែល៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner