លោក ពូទីន ព្រមានចំពោះការប៉ុនប៉ងជ្រៀតជ្រែកពីបរទេស ក្នុងការបោះឆ្នោតប្រធានាធិបតីនៅរុស្ស៊ី

មូស្គូ៖ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានព្រមានថា នឹងឆ្លើយតបយ៉ាងខ្លាំងក្លា ចំពោះរាល់សកម្មភាពជ្រៀតជ្រែកពីបរទេស នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នាឆ្នាំ២០២៤ ខាងមុខនេះ។ ជាការព្រមាន ស្របពេលដែលលោកពូទីនព្យាយាមស្វែងរកការរក្សាអំណាចបន្ត រហូតដល់ឆ្នាំ២០៣០។

ថ្លែងក្នុងកិច្ចប្រជុំជាមួយបណ្តាថ្នាក់ដឹកនាំនៃគណបក្ស នៅវិមានក្រឹមឡាំង កាលពីថ្ងៃសុក្រ សប្តាហ៍នេះ លោក ពូទីន បាននិយាយថា «ការជ្រៀតជ្រែកណាមួយ មកលើកិច្ចការផ្ទៃក្នុងរបស់រុស្ស៉ី នឹងត្រូវដាក់ទោស ហើយការដាក់ទោសនោះ នឹងមានកម្រិតធ្ងន់ធ្ងរជាខ្លាំង ស្របទៅតាមច្បាប់រុស្ស៉ី»។

លោកពូទីន បានបញ្ជាក់ដែរថា «ពួកយើងកំពុងការពារសេរីភាពនៃប្រជាជនយើង, អធិតេយ្យរបស់ពួកគេ, និងសិទ្ធិពួកគេក្នុងការជ្រើសរើសអនាគតរបស់ខ្លួន។ ប្រជាជនហើយមានតែប្រជាជននៃប្រទេសរុស្ស៉ីប៉ុណ្ណោះ ដែលជាប្រភពនៃអំណាចនៅក្នុងប្រទេសរបស់យើង»។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន លោក ពូទីន បានប្រកាសជាផ្លូវការថា រូបលោកនឹងបន្តឈរឈ្មោះជាប្រធានាធិបតីរុស្ស៊ី សម្រាប់អាណត្តិទី៥ នៅក្នុងការបោះឆ្នោត ដែលគ្រោងរៀបចំឡើង នាខែមីនា ឆ្នាំ២០២៤៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner