ឯកឧត្តម វង សូត ផ្តល់រង្វាន់លើកទឹកចិត្ត សិស្សនិទ្ទេស A និងសិស្សប្រឡងជាប់ បាក់ឌុប នៅស្រុកពញាក្រែក

(ត្បូងឃ្មុំ)៖ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្ស និងនាំយករង្វាន់លើកទឹកចិត្ត ផ្តល់ជូនដល់សិស្ស ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២២-២០២៣ ចំនួន ៧១៥នាក់ ដែលមកពី៤វិទ្យាល័យក្នុងខេត្តត្បូងឃ្មុំ គឺវិទ្យាល័យក្រែក វិទ្យាល័យ ហ៊ុន សែនពញាក្រែក វិទ្យាល័យ ជាស៊ីម កណ្តោលជ្រុំ និងវិទ្យាល័យ ហេង សំរិនអន្លង់ជ្រៃ នាព្រឹកថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ឯកឧត្តម វង សូត បានកោតសរសើរចំពោះសិស្សានុសិស្ស ដែលមានឆន្ទៈក្នុងការខិតខំប្រឹងប្រែងរៀនសូត្រ។ ហេតុដូចនេះ សូមក្មួយៗ ប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ ភាពកត្តញ្ញូ និងបន្តខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានពូកែ ដើម្បីក្លាយខ្លួនជាធនធានមនុស្សដ៏ល្អរបស់ប្រទេសជាតិនាថ្ងៃអនាគត ។ 

ឯកឧត្តម វង សូត បានលើកឡើងថា ទាំងអស់នេះ គឺជាលទ្ធផលជោគជ័យមួយផ្នែករបស់ក្មួយៗ នៅកម្រិតចំណេះដឹងទូទៅ ក៏ប៉ុន្តែ ចំពោះមុខ យើងត្រូវគិតគូអំពីអនាគត ជាពិសេស ត្រូវបន្តការសិក្សា លើមុខជំនាញ ក្នុងក្របខ័ណ្ឌបច្ចេកទេស ដើម្បីចូលរួមប្រកួតប្រជែងក្នុងទីផ្សារការងារ តាមរយៈការប្រលងប្រជែង នៅកម្រិតឧត្តមសិក្សា ទៅតាមការសម្រេចចិត្ត និងទេពកោសល របស់ខ្លួនឯង ពោលគឺ ទៅតាមសមត្ថភាព ដែលខ្លួនឯងមានពិតប្រាកដ។

ឆ្លៀតឱកាសនេះ ឯកឧត្តម ក៏បានលើកទឹកចិត្តដល់ក្មួយៗដែលមិនបានប្រលងជាប់ និងដែលមានទទួលបាននិទេសមិនល្អ សូមកុំអស់សង្ឃឹម និងជំរុញឱ្យក្មួយៗចូលរៀនជំនាញបច្ចេកទេស ដែលរាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុក្ខដាក់ជំរុញការបណ្តុះបណ្តាលនេះដល់យុវជន ដើម្បីចាប់យកមុខរបរ ជំរុញសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។

គួរបញ្ជាក់ថា រង្វាន់លើកទឹកចិត្តដែលឯកឧត្តម វង សូត និងលោកជំទាវ បានផ្តល់ជូនសិស្សប្រឡងជាប់និទ្ទេស A នៅក្នុងស្រុកពញាក្រែកចំនួន ៩នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ចំនួន ២លានរៀល  និទ្ទេសB ចំនួន ៣៩នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ចំនួន ៤០ម៉ឺនរៀល និទ្ទេសC ចំនួន ១៤២នាក់ និទ្ទេស D ចំនួន ២៣៨ និងនិទ្ទេសE ចំនួន ២៨៦នាក់ក្នុងម្នាក់ៗ ទទួលបានថវិកា ចំនួន ៥ម៉ឺនរៀល ឧបត្ថម្ភវិទ្យាល័យក្រែក វិទ្យាល័យ ហ៊ុន សែនពញាក្រែក វិទ្យាល័យ ជាស៊ីមកណ្តោលជ្រុំ និងវិទ្យាល័យ ហេង សំរិនអន្លង់ជ្រៃ ក្នុងវិទ្យាល័យមួយៗ ថវិកា ១លានរៀង និងឧបត្ថម្ភលោកគ្រូ អ្នកគ្រូក្រុមប្រឹក្សា និងអភិបាលស្រុក ការិយាល័យអប់រំស្រុក និងនាយក នាយករង វិទ្យាល័យទាំង៤ សរុប ៤២នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ចំនួន ៥ម៉ឺនរៀលផងដែរ  ៕

ដោយ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner