សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មិនមានតម្រូវការឱ្យក្រុមហ៊ុនបរទេស មកបណ្ដាក់ទុនបើកដំណើរការតាក់ស៊ីអគ្គិសនីនោះទេ

(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ប្រមាណជាង ២ពាន់នាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅពេលនេះ កម្ពុជា មិនមានភាពចាំបាច់ណាមួយ ក្នុងការអនុញ្ញាតឱ្យបរទេសមកបើកក្រុមហ៊ុនតាក់ស៊ីនៅកម្ពុជានោះទេ ។

សម្ដេចធិបតីបានបន្តថា ពិតណាស់ ការទាក់ទាញវិនិយោគ គឺជារឿងចាំបាច់ដែលយើងត្រូវតែធ្វើ ប៉ុន្តែវាត្រូវតែបម្រើដល់ការបង្កើតការងារ ជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។ សម្ដេច ថា ផ្ទុយទៅវិញបើការវិនិយោគនោះធ្វើឱ្យប៉ះពាល់ដល់ការងារក្នុងស្រុក និងប៉ះពាល់ដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ នោះកម្ពុជាគ្មានភាពចាំបាច់ដើម្បីទទួលយកនោះទេ។

សម្ដេចធិបតីបានគូសបញ្ជាក់ថា គោលនយោបាយអាទិភាពទី៤ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺការជួយដល់បងប្អូនដែលប្រកបមុខរបក្រៅប្រព័ន្ធ ដូចជាបងប្អូនប្រកបរបរត់ម៉ូតូឌុប រ៉ឺម៉កកង់បី ឬរថយន្តឈ្នួលជាដើម ឱ្យទទួលបានប្រាក់ចំណូលកាន់តែច្រើន និងទទួលបានអត្ថប្រយោជន៍ផ្សេងៗដូចបងប្អូនដែលប្រកបរបក្នុងប្រព័ន្ធដែរ ។

សម្ដេចធិបតី បានអំពាវនាវដល់ក្រុមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដែលមានដូចជា អ្នករត់ម៉ូតូឌុប អ្នករត់ម៉ូតូកង់បីជាដើម កុំមានការព្រួយបារម្ភចំពោះគម្រោង តាក់ស៊ីរបស់ក្រុមវៀតណាមនៅកម្ពុជាអី ព្រោះរាជរដ្ឋាភិបាលកម្ពុជា មិនបានអនុញ្ញាតឱ្យបើកដំណើរការនោះទេ។

សូមជម្រាបថា ការបញ្ជាក់បែបនេះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីមានការចេញផ្សាយរបស់សារព័ត៌មានមួយបំផ្លើសការពិត នាំឱ្យមហាជនមានការយល់ច្រលំ ពាក់ព័ន្ធនឹងការចង់វិនិយោគរបស់ក្រុមហ៊ុន VinGroup ដោយពុំបានរំលេចពីការផ្ដល់ឬមិនផ្ដល់គោលការណ៍អនុញ្ញាតពីសំណាក់សម្ដេចធិបតី និងបានធ្វើឱ្យមហាជនជាច្រើន ជាពិសេសបងប្អូនប្រកបរបរដឹកជញ្ជូនមានការយល់ច្រឡំមកលើការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner