លោក ពូទីន ប្តេជ្ញាធ្វើឱ្យរុស្ស៊ី “មានអធិបតេយ្យភាព និងម្ចាស់ការលើខ្លួនឯង” ក្នុងអាណត្តិទី៥ នៅវិមានក្រឹមឡាំង
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃអាទិត្យចុងសប្តាហ៍មុន ប្តេជ្ញាថា នឹងធ្វើឱ្យប្រទេសរុស្ស៊ី “មានអធិបតេយ្យភាព និងម្ចាស់ការលើខ្លួនឯង” នៅចំពោះមុខប្រទេសលោកខាងលិច។
ការអះអាងបែបនេះរបស់លោក ពូទីន ធ្វើឡើងនៅក្នុងសុន្ទរកថាយុទ្ធនាការលើកដំបូងរបស់គាត់ មុនពេលការបោះឆ្នោតប្រធានាធិបតីប្រព្រឹត្តទៅនៅខែមីនាឆ្នាំក្រោយ ដើម្បីបន្តការគ្រប់គ្រងដ៏យូររបស់លោករហូតដល់ឆ្នាំ ២០៣០។
លោក ពូទីន បាននិយាយក្នុងអំឡុងសមាជនៃគណបក្ស United Russia ដែលជាគណបក្សកាន់អំណាចថា យើងត្រូវតែចងចាំ ហើយកុំភ្លេចប្រាប់កូនៗរបស់ពួកយើងថា រុស្ស៊ីនឹងក្លាយជារដ្ឋអធិបតេយ្យភាព និងឯករាជ្យភាពជាដរាប។

លោក ពូទីន បានប្រាប់សមាជិកបក្ស United Russia ថា យើងនឹងធ្វើការសម្រេចចិត្តដោយខ្លួនឯង ដោយគ្មានដំបូន្មានពីបរទេស… រុស្ស៊ីមិនអាចធ្វើដូចជាប្រទេសមួយចំនួន ដែលលះបង់អធិបតេយ្យភាពរបស់ខ្លួន ហើយធ្វើជាផ្កាយរណបរបស់ប្រទេសណាមួយនោះទេ។
សូមបញ្ជាក់ថា សមាជិកគណបក្ស United Russia បានឯកច្ឆ័ន្ទគាំទ្រលោក ពូទីន ជាបេក្ខភាពប្រធានាធិបតីរុស្ស៊ី នៅក្នុងការបោះឆ្នោតនៅខែមីនាឆ្នាំក្រោយ។ ការបោះឆ្នោតឆ្នាំ ២០២៤ នឹងមកដល់ ស្របពេលដែលប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនរបស់រុស្ស៊ី បន្តអូសបន្លាយចូលដល់រដូវរងារមួយផ្សេងទៀត ដែលត្រូវបានគេរំពឹងថា នឹងនាំឱ្យកងទ័ពទាំងសងខាងបាត់បង់ជីវិតកាន់តែច្រើនបន្ថែមទៀត៕




ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា