ប្រមុខការទូតចិន៖ មិត្តភាពជាប្រពៃណីរវាងចិន និងកូរ៉េខាងជើង គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ
ប៉េកាំង៖ ប្រមុខការទូតចិន និងមន្ត្រីកូរ៉េខាងជើង បានសម្តែងការគាំទ្រ និង ជឿជាក់យ៉ាងមុតមាំលើទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងអំឡុងកិច្ចប្រជុំមួយនៅថ្ងៃចន្ទសប្តាហ៍នេះ ខណៈប្រទេសផ្សេងទៀតបានថ្កោលទោស ការបាញ់សាកល្បងមីស៊ីលចុងក្រោយនេះ របស់ទីក្រុងព្យុងយ៉ាង។
Read. រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានប្រាប់អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក ផាក ម្យុងហូ ដែលកំពុងដឹកនាំគណៈប្រតិភូបំពេញនៅទីក្រុងប៉េកាំងថា មិត្តភាពជាប្រពៃណីរវាងចិន និងកូរ៉េខាងជើង គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ ដែលភាគីទាំងពីរបានចែករំលែក។
លោក វ៉ាង បន្តថា ចំពោះមុខស្ថានការណ៍អន្តរជាតិដ៏ចលាចល ចិន និងកូរ៉េខាងជើង តែងតែគាំទ្រ និងជឿជាក់គ្នាទៅវិញទៅមក ក៏ដូចជាបង្ហាញពីសារៈសំខាន់ជាយុទ្ធសាស្ត្រ នៃកិច្ចសហប្រតិបត្តិការទ្វេភាគីជាមិត្ត នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងការបរទេសចិន។
បើតាមក្រសួងការបរទេសចិន ជំនួបរវាងលោក វ៉ាង និង លោក ផាក បានពិភាក្សាពីការផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាក្តីកង្វល់រួម ប៉ុន្តែមិនបានបញ្ជាក់លម្អិតនោះទេ។
កិច្ចប្រជុំខាងលើនេះ កើតឡើងបន្ទាប់ពីកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុនបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង រៀងៗខ្លួន ដោយចាត់ទុកថា នេះជាទង្វើបង្កការគំរាមកំហែងដល់ស្ថិរភាព និងសន្តិភាពក្នុងតំបន់។ តែជារឿយៗកូរ៉េខាងជើងក៏បានអះអាងដែរថា ការធ្វើតេស្តអាវុធគឺជាសិទ្ធិស្វ័យការពារខ្លួន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា


