លោក ប្រាយុទ្ធ ចាន់អូចា និងសមាជិកគណៈរដ្ឋមន្ត្រីថៃ ស្បថចូលកាន់តំណែងជាផ្លូវការ
ថៃ៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា និងសមាជិកគណៈរដ្ឋមន្ត្រីថ្មីរបស់លោកបានស្បថចូលកាន់តំណែងជាផ្លូវការហើយ នាល្ងាចថ្ងៃអង្គារនេះ នៅចំពោះព្រះភ័ក្រ្តព្រះមហាក្សត្រថៃ។

ពិធីស្បថចូលកាន់តំណែងនេះ បានធ្វើឡើងនៅសាល អាមផន សាថាន រ៉េស៊ីឌេនស៊ល ហ៊ល ស្ថិតក្នុងវិមាន ឌូសិត ក្នុងរដ្ឋធានីទីក្រុងបាងកក នាវេលាម៉ោង៦ល្ងាចថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់)។ ព្រះមហាក្សត្រថៃ បានផ្តល់ឱវាទឲ្យគណៈរដ្ឋមន្ត្រី ធ្វើការដើម្បីប្រទេសជាតិ និងប្រជាជន ហើយគណៈរដ្ឋមន្ត្រី ត្រូវបំពេញការងារឲ្យបានល្អបំផុត។

លោក ប្រាយុទ្ធ ដែលត្រូវបានតែងតាំងដោយព្រះមហាក្សត្រជានាយករដ្ឋមន្ត្រី ក្នុងអាណត្តិទី២ នៅថ្ងៃទី១១ ខែកក្កដានោះ បានលើកឡើងថា គណៈរដ្ឋមន្ត្រីពិតជាមានក្តីត្រេកអរជាខ្លាំង ចំពោះការលើកទឹកចិត្ត និងឱវាទណែនាំរបស់ព្រះមហាក្សត្រ។ បន្ទាប់ពីស្បថចូលកាន់តំណែងខាងលើនេះ គណៈរដ្ឋមន្ត្រីថៃថ្មីនឹងចាប់ផ្តើមការងារជាផ្លូវការ នៅថ្ងៃទី១៨ ខែកក្កដាស្អែកនេះ៕ធ.ដ
