សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការធ្វើព្រែកជីកហ្វូណន-តេជោ និងពង្រីកកំពង់ផែខេត្តព្រះសីហនុ គ្មានអាថ៌កំបាំងអ្វីនោះទេ
ព្រះសីហនុ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ពីការធ្វើព្រែកជីកហ្វូណន-តេជោ និងពង្រីកកំពង់ផែខេត្តព្រះសីហនុ គ្មានអាថ៌កំបាំងអ្វីនោះទេ ដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ចជាតិ ធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែធូរធា ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ប្រវែង៣៥០ម៉ែត្រ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅកំពង់ផែចំនួន ០២គ្រឿង ក្រោមឥណទានសម្បទាន និងជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ។
សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា មានអ្នកខ្លះ គេថាអាថ៌កំបាំងនូវការធ្វើព្រែកជីកហ្វូណន ខ្ញុំមិនដឹងគេថាស្អីទេ ។ អាថ៌កំបាំងស្អី ខ្ញុំមិនចាំបាច់និយាយ អាថ៌កំបាំងទេ គ្មានអ្វីត្រូវលាក់លៀមទេ ព្រោះការធ្វើព្រែកជីកភ្ជាប់ទន្លេ-សមុទ្រនេះ បូកជាមួយការអភិវឌ្ឍកំពង់ផែខេត្តព្រះសីហនុនេះ គ្មានអ្វីអាថ៌កំបាំងទេ គឺដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ចកម្ពុជា ជួយឱ្យសេដ្ឋកិច្ចរីកចម្រើន និងធ្វើឱ្យប្រជាជនកម្ពុជាកាន់តែរីកចម្រើន ជីវភាពធូរធា នេះគឺជាកិច្ចការសំខាន់ អត់មានអីលាក់លៀមទេ ។
សូមរំលឹកថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ត្រូវបាន ប្រសិទ្ធ នាម ថាគម្រោង «ព្រែកជីកហ្វូណនតេជោ» នាសម័យប្រជុំពេញអង្គ គណៈ រដ្ឋមន្ត្រីនីតិ កាលទី៦ នៃរដ្ឋសភា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ និងបន្តមកនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីដំណើរការអនុវត្តគម្រោងនេះផងដែរ ។
គម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រវែង ១៨០ គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃ ទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេ បាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេ បាសាក់ ស្រុកកោះធំ និងបន្តរហូត ដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ។ ផ្លូវទឹកនេះនឹងមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាង ក្រោម ប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាច ចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព។
គម្រោងនេះនឹងសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន៣កន្លែង, សាងសង់ស្ពាន ចំនួន ១១កន្លែង, សាងសង់ផ្លូវអមសាងខាងប្រវែង ២០៨គីឡូម៉ែត្រ និងមានបំពាក់សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ ទន្លេផ្សេងៗ ទៀតផង ដែរ។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ ។
តាមការសិក្សា គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ ជាច្រើនរួមមាន៖ ការកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃ នៃការដឹកជញ្ជូន នាពេលបច្ចុប្បន្ន, ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម, ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន, ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្រ្ត វារីវប្បកម្ម និងចិញ្ចឹមសត្វ, ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា, ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផេ្សងទៀត, ការជំរុញការអភិវឌ្ឍទីក្រុងនិងនគរូបនីយកម្ម, និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ។
ពាក់ព័ន្ធគម្រោងសាងសង់ ព្រែកជីកហ្វូណនតេជោ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ រវាងលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយតំណាងក្រុមហ៊ុន សាជីវកម្មស្ពាន និង ថ្នល់ចិន (CRBC) ដើម្បីបើកផ្លូវឱ្យក្រុមហ៊ុននេះ សិក្សាលម្អិតលើគម្រោងក្នុងរយៈពេល៨ខែ។ បន្ទាប់ពីសិក្សាចប់រយៈពេល ៨ខែនេះ គឺឈានដល់ការចរចា ដើម្បីឈានទៅចុះកិច្ចព្រមព្រៀងសាងសង់តែម្តង ៕
អត្ថបទ ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ




