ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ វិស័យអប់រំជាវិស័យ សំខាន់មួយ ដែលអាចប្រែក្លាយខេត្តព្រះសីហនុ ទៅជាខេត្តដែលសម្បូរដោយធនធានមនុស្សប្រកបដោយសក្តានុពល
ព្រះសីហនុ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍ថាវិស័យអប់រំជាវិស័យសំខាន់ មួយដែលអាចប្រែក្លាយ ខេត្តព្រះសីហនុទៅជា ខេត្ត ដែល សម្បូរដោយធនធានមនុស្សប្រកបដោយសក្តានុពលសម្រាប់ចូលរួមអភិវឌ្ឍប្រទេសជាតិ ។ សាលាជាថ្នាល បណ្តុះ បណ្តាលចំណេះដឹង ជំនាញវិជ្ជាជីវៈនិងបំណិន ជីវិតសម្រាប់ សិស្សគ្រប់រូប។

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់និង ជាប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្ត ព្រះសីហនុ ក្នុងពិធីសំណេះសំណាលជាមួយសិស្ស និទ្ទេស A ឆ្នាំ២០២៣ ចំនួន ៤០ នាក់មកពីសាលា នានាក្នុងខេត្តព្រះសីហនុបានបន្ថែមថា សម្តេចតេជោ និងសម្តេចធិបតីបាននិងកំពុងបន្តសាងសង់សាលា សម្រាប់កូនចៅរបស់យើងបានសិក្សារៀនសូត្រនៅគ្រប់កម្រិតសិក្សា រហូតដល់ឧត្តមសិក្សានៅទូទាំង ប្រទេស ពិសេសនៅ ខេត្តព្រះសីហនុ។ទន្ទឹមនឹងមានសាលាល្អយើងត្រូវរួមគ្នាថែទាំនិងដាំដើមឈើឱ្យមានភាពស្រស់ស្អាតនិងបៃតងនៅតាមសាលារៀនក្នុងខេត្ត ដើម្បីឱ្យសាលារបស់យើងមានបរិស្ថានស្អាត និងគ្មានថង់ប្លាស្ទិក ហើយយុវជនរបស់យើងមានកាយ សម្បទាមាំមួន។

គួរបញ្ជាក់ថា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានឧបត្ថម្ភ ដល់សិស្សនិទ្ទេស A ឆ្នាំ២០២៣ ខេត្តព្រះសីហនុ រង្វាន់លើកទឹកចិត្តជូនសិស្សនិទ្ទេស A ចំនួន ៤០ នាក់ដោយក្នុងម្នាក់ៗទទួលបានម៉ូតូSuzuki Nex មួយគ្រឿង។ ចំពោះនាយកវិទ្យាល័យដែល មាន សិស្សជាប់និទ្ទេស A ម្នាក់ គឺទទួលបានថវិកាពីរ លាន រៀល។ បើមានសិស្សជាប់និទ្ទេស A ពីរនាក់គឺទទួល បាន បួនលានរៀល៕
ដោយ ង៉ាន់ ទិត្យ
