មន្រ្តីមន្ទីរព័ត៌មានមកពីប្រាំបីខេត្តចូលរួមសិក្ខាសាលាស្តីពីការទទួលព័ត៌មាន និងការអភិវឌ្ឍប្រកបដោយបរិយាបន្នពិការភាព

សៀមរាប៖អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃសហប្រជាជាតិ ដែល ហៅកាត់ថា យូណេស្កូ(UNESCO) សហការជាមួយ ក្រសួង ព័ត៌មាន អង្គការជនពិការកម្ពុជា CDPO និងមន្ទីរព័ត៌មានខេត្តសៀមរាប បានរៀបចំ សិក្ខាសាលាស្តីពីការទទួល ព័ត៌មាននិង ការអភិវឌ្ឍប្រកប ដោយបរិយាបន្នពិការភាព រយៈពេលពីរថ្ងៃគឺនៅថ្ងៃទី២១ និងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខា ខេត្តសៀមរាបដោយមានការ ចូលរួមពីសំណាក់ថ្នាក់ដឹកនាំនិងមន្ត្រីមក ពីមន្ទីរព័ត៌មាន ខេត្តចំនួនប្រាំបី រួមមាន ខេត្តសៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង ពោធិសាត់ ព្រះវិហារ និងខេត្តកំពង់ធំជាច្រើនរូប។

សិក្ខាសាលាបានប្រព្រឹត្តិទៅក្រោមអធិបតី ភាពឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួងនិងជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប និង លោកស្រី ឆាយ ដាវីន តំណាងអង្គការ យូណេស្កូ ។អង្គសិក្ខាសាលារៀបចំឡើង ក្នុង គោលបំណងផ្តល់ជូនដល់មន្ត្រីព័ត៌មាននៅ ថ្នាក់ ក្រោមជាតិ នូវ ចំណេះដឹង ធនធានសមត្ថភាពចាំបាច់ និងបច្ចេកវិទ្យាឌីជីថល លើការ អភិវឌ្ឍបរិយាបន្នពិការភាព និងការទទួល បានព័ត៌មាន និងពង្រឹង សមត្ថភាព មន្ត្រីព័ត៌មាននៅថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបកាន់តែ ល្អប្រសើរ ឡើងចំពោះតម្រូវការ ព័ត៌មានរបស់ជនមានពិការភាព ប្រកបដោយបរិយាបន្ន។

លោក រស់ សុខឌីន តំណាងអង្គការជនពិការកម្ពុជា លើកឡើងថា បញ្ហាពិការភាពជាពហុវិស័យដែលត្រូវទាមទារពីការ ចូលរួម ទាំង អស់គ្នា។
ចំណែកលោកស្រី ឆាយ ដាវីន តំណាងអង្គការយូណេស្កូ មាន ប្រសាសន៍ ថាអង្គការយូណេស្កូបានដើរតួនាទីយ៉ាងសំខាន់ក្នុងការ លើកកម្ពស់សិទ្ឋិទទួលបានព័ត៌មានប្រកបដោយបរិយាបន្ន។ នៅក្នុងពិភពលោកយើងឃើញថាមានច្បាប់និងគោលនយោបាយ ផ្សេងៗពាក់ព័ន្ឋទៅនឹងពិការភាព ដោយឡែកនៅកម្ពុជាក៏បាន បង្កើតច្បាប់ លិខិតបទដ្ឋាន ឯកសារគតិយុត្តិ ជាយូរមកហើយដែរ ហើយមកដល់ពេលនេះ ជាវេលាមួយដែលយើងត្រូវធ្វើការរួមគ្នា ក្នុងការកំណត់បញ្ហា តម្រូវការនិងជជែកគ្នាពីដំណោះស្រាយដែល អាច ដាក់ ចេញជាផែនការសកម្មភាពបន្ទាប់។

ថ្លែងបើកអង្គសិក្ខាសាលាឯកឧត្តម លីវ សុខុន ប្រធានមន្ទីរ ព័ត៌មាន ខេត្តសៀមរាប មានប្រសាសន៍ថា សិក្ខាសាលាពិតជាមាន សារៈសំខាន់ សម្រាប់ថ្នាក់ដឹកនាំនិងមន្ត្រីព័ត៌មានក្នុងការទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត ពាក់ព័ន្ធនឹងវិស័យព័ត៌មាន ជាពិសេសស្តីពី សកម្មភាពជន មានពិការភាពនិងសំដៅជំរុញលើកទឹកចិត្តដល់ការផលិតព័ត៌មានអំពីសកម្មភាពជនមានពិការភាពទៅក្នុងបណ្តាញប្រព័ន្ឋផ្សព្វផ្សាយនានា ទាំងនៅថ្នាក់ក្រោមជាតិ ថ្នាក់ជាតិ ថ្នាក់តំបន់និង សកល លោក។
ឯកឧត្តម បន្តថា តាមរយៈសិក្ខាសាលានេះ នឹងប្រមូលបានធាតុចូល ចែករំលែកបទពិសោធ និងបញ្ហាប្រឈមដែលកំពុងជួបប្រទះ។ ការចែករំលែកទាំងនេះ គឺជាការត្រួសត្រាយផ្លូវ ដើម្បីឱ្យការសិក្សា ស្រាវជ្រាវសម្រេចទៅមុខបាននិង សម្រាប់ជាតម្រាយផ្លូវដល់ កម្មវិធីសិក្ខាសាលានៅពេលក្រោយៗទៀតពាក់ព័ន្ធទៅនឹង ការទទួលព័ត៌មានប្រកបដោយបរិយាបន្នសម្រាប់ពិការភាព៕
ដោយ៖ ស៊ាន សុផាត

ads banner