សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងចូលរួមកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ សម្ដេចមហាបវរធិបតិ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ តាមប្រព័ន្ធវីដេអូ ដែលកិច្ចប្រជុំនេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ប្រទេសសមាជិកមេគង្គ-ឡានឆាង ដើម្បីសម្រេចបាននូវគោលដៅរួមក្នុងការលើកកម្ពស់សន្តិភាព និងវិបុលភាពនៅក្នុងអនុតំបន់។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៣ បានឱ្យដឹងថា ការចូលកិច្ចប្រជុំនេះ តបតាមការអញ្ជើញរបស់សហប្រធាននៃកិច្ចប្រជុំគឺឯកឧត្តម មីន អោងឡាំង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។ កិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៣ ដែលនឹងមានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់មួយចំនួននៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញអមសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖«កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤នេះ នឹងក្លាយជាព្រឹត្តិការណ៍ ដ៏សំខាន់សម្រាប់ប្រទេសសមាជិកមេគង្គ-ឡានឆាង ដើម្បីសម្រេចបាននូវគោលដៅរួមក្នុងការលើក កម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងអនុតំបន់ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការមេគង្គ- ឡានឆាង ឈានទៅមុខបន្ថែមទៀត តាមរយៈការដាក់ឱ្យអនុវត្តផែនការសកម្មភាពប្រាំឆ្នាំស្តីពី កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។

ក្រោមមូលបទ «ចូលរួមកសាងសហគមន៍វាសនារួមគ្ន និងទំនើបកម្មក្នុងចំណោម ប្រទេសមេគង្គ-ឡានឆាង» ថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងពិនិត្យឡើង វិញនូវវឌ្ឍនភាពដែលសម្រេចបានក្រោមកិច្ចសហប្រតិបត្តិការនេះ នឹងកំណត់ទិសដៅអនាគត សម្រាប់ការពង្រីកវិស័យនៃកិច្ចសហប្រតិបត្តិការ និងជំរុញបន្ថែមនូវទំនុកចិត្តទៅវិញទៅមក ក៏ដូចជាពង្រឹងភាពជាដៃគូក្នុងចំណោមបណ្ដាប្រទេសមេគង្គ-ឡានឆាង ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជននៅក្នុងអនុតំបន់មេគង្គ-ឡានឆាង។

ប្រភពដដែលបន្ថែមថា ឯកសារចំនួន៣ ដែលគ្រោងនឹងអនុម័តក្នុងអំឡុងពេលនៃកិច្ចប្រជុំ រួមមាន (១) សេចក្តីថ្លែងការណ៍ទីក្រុង ណៃពិដោ (២) ផែនការសកម្មភាពប្រាំឆ្នាំស្ដីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០២៣- ២០២៧) និង (៣) គំនិតផ្តួចផ្តើមរួមស្ដីពីការអភិវឌ្ឍច្រករបៀងនវានុវត្តន៍នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង៕ ដោយ៖ សុខ រក្សា

ads banner