សមាគមគ្រូពេទ្យបេះដូងកម្ពុជា រៀបចំសិក្ខាសាលា ស្ដីពីការព្យាបាល និងធ្វើឱ្យប្រសើរឡើង ការលើសជាតិខ្លាញ់ក្នុងឈាម
សៀមរាប៖ នៅថ្ងៃទី២៤ ខែធ្នូឆ្នាំ២០២៣ សមាគមគ្រូពេទ្យបេះដូងកម្ពុជាសហការជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប បានរៀបចំសិក្ខាសាលា ស្ដីពីការលើសជាតិខ្លាញ់ក្នុងឈាម ជូនដល់មន្ត្រីសុខាភិបាលមូលដ្ឋានសាធារណៈក្នុងខេត្តសៀមរាប ចំនួន ៥០នាក់ មកពីមន្ទីរពេទ្យស្រុកចំនួន៤ និងមន្ទីរពេទ្យបង្អែកខេត្ត និងជ្រើសរើសពីមន្ទីរពហុព្យាបាលឯកជនក្នុងខេត្តសៀមរាបចំនួន ៤០នាក់ទៀត។
ឯកឧត្តមវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ទីប្រឹក្សាក្រសួង និងជាប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបមានប្រសាសន៍ថា សិក្ខាសាលាថ្វីត្បិតតែជាលើកដំបូង និងមានរយៈពេលខ្លីតែក៏ផ្តល់សារៈសំខាន់ណាស់ដល់មន្ត្រីសុខាភិបាលទាំងផ្នែករដ្ឋនិងឯកជនទទួលចំណេះដឹងនិងយល់ដឹងកាន់តែច្រើនថែមទៀតទៅលើការផ្តល់សេវា ផ្តល់ការប្រឹក្សាឱ្យបានច្បាស់លាស់អំពីស្ថានភាពជំងឺរបស់អ្នកមកទទួលសេវា ជាពិសេសបញ្ហាលើសជាតិខ្លាញ់ក្នុងឈាម ដោយសារតែការបរិភោគរសអាហារមានលើសជាតិខ្លាញ់ លើសផ្អែម លើសជាតិប្រៃនិងកង្វះលំហាត់ប្រាណឱ្យបានទៀងទាត់។
លោកសាស្ត្រាចារ្យ សុខ ជួរ ប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជា បានបង្ហាញថា ការលើសជាតិខ្លាញ់ជាប្រភេទជំងឺមិនឆ្លង ក្នុងចំណោមជំងឺទឹកនោមផ្អែម លើសឈាម និងមហារីកជាដើម ហើយជំងឺមិនឆ្លងនេះ មានកត្តារួមផ្សំជាច្រើនទៀតបានសម្លាប់ជីវិតមនុស្ស ។
លោកសាស្ត្រាចារ្យ បន្តទៀតថា ជំងឺមិនឆ្លងទាមទារការព្យាបាលមានភាពច្បាស់លាស់ដោយគ្រូពេទ្យជំនាញមានសមត្ថភាពខ្ពស់ដើម្បីព្យាបាលឱ្យចំគោលដៅ។ ដោយឡែកជំងឺលើសជាតិខ្លាញ់ កំពុងមានការកើនឡើងនិងជាពិសេសកើនឡើងនៅក្នុងប្រទេសកំពុងអភិវឌ្ឍដូចជាកម្ពុជាជាដើមនេះ ដោយសារតែភាពជឿនលឿននិងសម្បូរបែប មនុស្សបានផ្លាស់ប្តូររបៀបរស់នៅនិងបរិភោគចំណីអាហារទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន ញ៉ាំច្រើន បញ្ចេញពលកម្មតិច បណ្តាលឱ្យជាតិខ្លាញ់មានការកើនឡើង ហើយកត្តាលើសជាតិខ្លាញ់វាជាគ្រោះថ្នាក់និងនាំឱ្យកើតជំងឺបេះដូង ជាពិសេសជំងឺស្ទះសរសៃឈាមខួរក្បាល។
លោកសាស្ត្រាចារ្យ សុខ ជួរ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីកុំឱ្យលើសជាតិខ្លាញ់សូមកុំពិសារអាហារសម្បូរជាតិខ្លាញ់ កាត់បន្ថយការបរិភោគអាហារចំអិនភ្លាមៗ បន្ថយផ្អែមក្នុងចំណីអាហារ បន្ថយការបរិភោគប្រៃ និងត្រូវនាំគ្នាហាត់ប្រាណជាប្រចាំ។ នៅលើរបាយការណ៍របស់អអ្គការសុខភាពពិភពលោក បង្ហាញថា ៖ ក្នុងពិភពលោក ជំងឺមិនឆ្លងមាន ៨០% កើតច្រើននៅលើប្រទេសកំពុងអភិវឌ្ឍនិងជាប្រទេសមានចំណូលទាប និងប្រទេសមានចំណូលមធ្យមកម្រិតទាប មានកម្ពុជាជាដើមហើយនៅកម្ពុជា មានជំងឺមិនឆ្លងមាន ៤៦% នៃអត្រាស្លាប់របស់ប្រជាពលរដ្ឋ ៕
ដោយ ស៊ាន សុផាត






