សម្តេចប្រធានរដ្ឋសភា៖ និស្សិតកម្ពុជា សម័យសន្តិភាពចេញ ទៅសិក្សា នៅ បរទេស ដោយមោទកភាព ខុសពីសម័យសង្រ្គាមគ្មានឱកាសរៀនសូត្រ នោះឡើយ

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា បានទទួលជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្រ្តាលីក្រោយឧត្តមសិក្សា(Australia Awards) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា ។

សម្តេចប្រធានរដ្ឋសភាបានសម្តែងនូវការអបអរសាទរចំពោះជ័យលាភីទាំងអស់ដែលបានប្រឡងជាប់អាហារូបករណ៍ទៅបន្តការសិក្សាក្នុងគ្រឹះស្ថានសិក្សាល្បីៗនៅប្រទេសអូស្រ្ដាលី ។ ការទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្រ្តាលី ដែលមានស្តង់ដាអប់រំខ្ពស់លំដាប់ទី៣ នៅលើពិភពលោកនេះ មិនត្រឹមតែជាមោទកភាពសម្រាប់ខ្លួននិស្សិតនិងក្រុមគ្រួសារប៉ុណ្ណោះទេ តែជាមោទកភាពសម្រាប់សង្គមជាតិទំាងមូល ។

សម្តេចរដ្ឋសភាធិបតី បានចាត់ទុកថានិស្សិតដែលទទួលបានអាហារូបករណ៍នាពេលនេះ ជាធនធានមនុស្សដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍន៏ប្រទេសជាតិ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលបានផ្តល់អាទិភាពក្នុងការកសាងមូលធនមនុស្សជាស្នូលដ៏សំខាន់ ។

ជាងនេះទៀត សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា ក្មួយៗនិស្សិតទំាងអស់ ជាតំណាងឱ្យជាតិខ្មែរទំាងមូល ដើរតួនាទីជាអ្នកការទូត ចូលរួមចំណែកផ្សាភ្ជាប់ទំនាក់ទំនងរវាងប្រជាជន បង្កើនមិត្តភាពជាមួយប្រទេសដទៃ ក៏ដូចជាលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានសង្កត់ធ្ងន់ថា ក្មួយៗនិស្សិតដែលនឹងត្រូវចេញទៅសិក្សានៅប្រទេសអូស្រ្តាលីនាពេលនេះ បានត្រៀមលក្ខណៈចាកចេញទៅសិក្សាដោយមោទកភាពដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ។ សម្តេចបានរម្លឹក កាលពីអតីតកាល ពិសេសក្នុងសម័យសម្តេចនៅជាយុវជន សម្តេចក៏បានជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្រ្តាលីដែរ ប៉ុន្តែដោយសារភ្លើងសង្រ្គាមសម្តេចពុំបានចេញទៅសិក្សានៅប្រទេសអូស្រ្តាលី ក្នុងអំឡុងឆ្នាំ១៩៧៥នោះទេ។ ផ្ទុយទៅវិញ សម្តេចក៏ដូចជាប្រជាពលរដ្ឋដទៃក្នុងរបប ប៉ុល ពត ដែលត្រូវជាប់ឃុំក្នុងរបបនោះ គ្មានឱកាសបន្តការរៀនសូត្រ ដូចយុវជនក្នុងសម័យសន្តិភាពនេះទេ។

សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍បន្តថា សន្តិភាពមានតម្លៃលើសអ្វីៗទំាងអស់ គ្មានសន្តិភាព គឺគ្មានការអភិវឌ្ឍ សូម្បីឱកាសទទួលបានការសិក្សារៀនសូត្ររបស់យុវជន កុមារក៏គ្មានដែរ។ ការការពារ ថែរក្សាសន្តិភាពជាការសំខាន់ កុំចាំដល់បាត់បង់សន្តិភាពទើបនាំគ្នាសោកស្តាយ និងស្រែករកសន្តិភាពនោះ ជាការហួសពេលហើយ។

សូមជម្រាបជូនថា សម្រាប់និស្សិតដែលបានចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ពីសម្តេចប្រធានរដ្ឋសភានៅមុនពេលចាកចេញទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត នៅប្រទេសអូស្រា្តលីនាឱកាសនេះ មានចំនួន ១៨នាក់ តំណាងឱ្យនិស្សិតចំនួន ៣៨នាក់ ដែលនឹងត្រូវចេញទៅសិក្សានៅថ្នាក់ក្រោយឧត្តមសិក្សា តាមគ្រឹះស្ថានសិក្សានានាក្នុងប្រទេសអូស្រ្តាលី។ និស្សិតជាប់អាហារូបករណ៍ទាំងអស់ មកពីស្ថាប័នផ្សេងៗគ្នា មានស្ថាប័នរដ្ឋ វិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិល៕

ដោយ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner