ដាំដំណាំគម្របដី ជួយឱ្យដីមានគុណភាពល្អ ជួយបរិស្ថាន និង ជួយឱ្យកសិកររកប្រាក់ចំណេញ
(ខេត្តបាត់ដំបង)៖ ដំណាំគម្របដី ផ្តល់នូវផលល្អទាំងគុណភាពដី បរិស្ថាន និងបង្កើនប្រាក់ចំណូលដល់កសិករ ការពារសំណឹកដី កម្ចាត់ស្មៅ កម្ចាត់សត្វល្អិត និងជំងឺផ្សេងៗ ពង្រឹងសុខភាពជីវៈចម្រុះរបស់ដីកសិកម្មទៀតផង។
ថ្លែងបញ្ជាក់ប្រាប់ក្នុងដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មាន ក្នុងយុទ្ធនាការបញ្រ្ជាបចំណេះដឹង ស្តីពី «ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុរបស់កម្ពុជា”ចាប់ពីថ្ងៃទី ២២ ដល់ ២៤ ខែធ្នូ ឆ្នាំ២០២៣នាមជ្ឈមណ្ឌលសេវាកម្មកសិកម្មអភិរក្ស ស្ថិតនៅភូមិស្តៅ ឃុំស្រុកស្តៅ ស្រុករតនៈមណ្ឌល ខេត្ត បត់ដំបង លោក ស វ៉េង ទីប្រឹក្សាផ្នែកបច្ចេកទេស នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្ម នៅកម្ពុជា បានលើកឡើងថា ៖ បច្ចេកទេសកសិកម្មអភិរក្ស ឬហៅកសិអេកូឡូស៊ី ដែលបានអនុវត្តចាប់តាំងពីឆ្នាំ ២០០៩មក ជាបច្ចេកទេសដាំដុះ ដោយធ្វើការកាត់បន្ថយការភ្ជួររាស់ និងការរគ្រប់គ្រងដីឱ្យមាននិរន្តភាព តាមរយៈការដាំដំណាំគម្របដី ។
លោកបានបញ្ជាក់ថាបច្ចុប្បន្ននេះកសិករមានបញ្ហាប្រឈមខ្លាំងទាក់ទិនទៅនឹងបញ្ហាជីជាតិដីពិសេសដីនៅខ្ពង់រាប ។ នៅពេលកសិកម្មចាប់ផ្តើមដាំដុះ ពួកគាត់តែងភ្ជួររាស់ក្នុងមួយឆ្នាំចាប់ពី ២ទៅ ៣ដង ។ ហេតុនេះនៅពេលគាត់ភ្ជួររាស់ដី មានន័យថា វានឹងបង្កឱ្យមានការហូរច្រោះ ដែលជាមូលហេតុចម្បងធ្វើឱ្យដីរបស់គាត់ថយចុះគុណភាពពីមួយឆ្នាំទៅមួយឆ្នាំ ។ នៅពេលដីបាត់បង់ជីជាតិ ការថយចុះនៃគុណភាពដីនេះដែរ ធ្វើឱ្យការដាំដុះរបស់គាត់ថយចុះនូវទិន្នផល ។

ដោយសារកត្តានេះហើយធ្វើឱ្យពួកគាត់ងាកមកប្រើប្រាស់ជីគីមី ថ្នាំគីមី ដែលជាមូលហេតុធ្វើឱ្យការចំណាយលើការដាំដុះពីមួយឆ្នាំទៅមួយឆ្នាំកាន់តែកើនឡើងឥតឈប់ឈរ ។ អ្វីដែលជាបញ្ហាប្រឈមផ្សេងទៀត គឺធ្វើឱ្យសុខភាពកសិករតែងជួបបញ្ហានៅពេលពួកគាត់ប្រើប្រាស់ថ្នាំគីមី និងជីគីមីកាន់តែច្រើន ។ ក្រៅពីនេះក៏ជាផ្នែកមួយបង្កឱ្យប៉ះពាល់ដល់ផ្នែកបរិស្ថាន ដោយសារតែកសិករប្រើថ្នាំគីមី ជីគីមីទាំងនេះ។
លោកបានលើកឡើងឱ្យដឹងដែរថា៖”សម្រាប់ទាក់ទិននឹងការប្រែប្រួលអាកាសធាតុវិញ ពោលគឺនៅពេលយើងភ្ជួររាស់ដី វាហាក់បីដូចជាធ្វើឱ្យបំភាយនូវឧស្ម័នកាបូនឌីអុកស៊ីត (CO2)ដែលជាឧស្ម័នផ្ទះកញ្ចក់ ជាផ្នែកមួយធ្វើឱ្យប៉ះពាល់ដល់ការប្រែប្រួលអាកាសធាតុ ។ ទោះបីយ៉ាងណានៅពេលដែលយើងដាំដំណាំគម្របដីគឺវាមានលទ្ធភាពក្នុងការចាប់ យកឧស្ម័នកបូនឌីអុកស៊ីតពីបរិយាកាសមកបង្កើតដើមរបស់វាដើម្បីត្រឡប់ចូលក្នុងដី ។ អញ្ចឹងវាជំនួសការបំភាយ តែវាត្រឡប់ជាធ្វើឱ្យឧស្ម័នផ្ទះកញ្ចក់នឹងទៅក្នុងដីវិញនេះជាការអនុវត្តនូវការងារកសិកម្ម អភិរក្ស ។ យើងទទួលបានអត្ថប្រយោជន៍ចំណេញច្រើនពីការដាំដំណាំគម្របដីតែមួយគត់គឺមានន័យថាយើងបានជួយទាំងបរិស្ថាន ជួយឱ្យដីយើងមានជីជាតិល្អ និងជួយកសិករឱ្យរកប្រាក់ចំណេញថែមទៀត”។
លោកបានបញ្ជាក់ប្រាប់ថា៖”ការងារអនុវត្តបច្ចេកទេសកសិកម្មអភិរក្សនេះគឺយើងដាំដោយឥតភ្ជួររាស់គឺយកលំនាំព្រៃធម្មជាតិដោយកាត់បន្ថយការភ្ជួររាស់ដី ។ យើងឃើញថា នៅពេលកាត់បន្ថយការភ្ជួររាស់ ក្នុងនោះតែងមានសត្វច្រើនប្រភេទរស់នៅមានទាំងជន្លេន មានទាំងកណ្តៀរ ។ ក្រៅពីនេះក៏មានសត្វតូចៗជាច្រើនទៀតគឺមានជីវិតរាប់លានមុខក្នុងដីទាំងនេះ”។
លោកបានធ្វើការពន្យល់បន្ថែមថា៖”អញ្ចឹងការដាំគម្របដីនេះគឺវាអាចចាប់អាហ្សូតក្នុងបរិយាកាសតាមឬសរបស់ដំណាំដែលយើងឃើញមានកំពកតូចៗក្នុងដីដែលប្រៀបដូចគ្រាប់ជី។វាប្រៀបដូចរោងចក្រអាហ្សូតចាប់យកពីបរិយាកាស ហើយផ្តល់ឱ្យដល់ដីដូច្នេះដែរ។សម្រាប់ដើមរបស់រុក្ខជាតិវាបានផ្តល់នូវសារធាតុចិញ្ចឹមមានន័យថានៅពេលយកមកកាត់ឬកិនទៅវាជីដល់ដី”។
លោក បន្តថា ៖ បើដីកសិករដាំពោតក្នុងមួយឆ្នាំម្តង ហើយទុកវាចោល វានឹងធ្វើឱ្យមានស្មៅចង្រៃ ។ ផ្ទុយមកវិញបើកសិករងាកមកដាំដំណាំគម្របដី ក្នុងនេះដូចជាបើគាត់ដាំពោត ក្នុងមួយឆ្នាំម្តង គាត់ទទួលបានលុយតិចទេ ប៉ុន្តែបើគាត់ដាំពោតហើយដាំដំណាំគម្របដីទៀតគាត់បានទទួលលុយបន្ថែមទៀតផងដែរ ។ ដំណាំនេះកសិករដាំក្នុងមួយហិកតាបានទទួលថវិការបន្ថែមពី៥០០ ទៅ៦០០ដុល្លារ។ ក្រៅពីបានទទួលផលកម្រៃបូកហើយការដាំដំណាំគម្របដីហើយនៅផ្តល់អត្ថប្រយោជន៍ឱ្យដីពីមួយឆ្នាំទៅមួយឆ្នាំកាន់តែល្អប្រសើរឡើង។
គួរបញ្ជាក់ថាដំណាំគម្របដី គឺការដាំពពួកស្មៅ ដំណាំចង្រ្កង់ស្វាស្លឹកតូច មីលែត(Millet)សង់ត្រូ និងការដាំដំណាំសណ្តែក ល្ង ជាដើម ដែលមានអាយុកាលលូតលាស់ពី ៦០ ទៅ ៧៥ ថ្ងៃ ឬលើសពីនេះទៅតាមប្រភេទរុក្ខជាតិនីមួយៗប៉ុណ្ណោះ ៕





អត្ថបទ៖ម៉ាដេប៉ូ,រូបភាព៖គ្រី សម្បត្តិ