បារាំង៖ ថ្ងៃបុណ្យគ្រឹស្មាស់ បុរសម្នាក់សម្លាប់ប្រពន្ធ និងកូន ៤នាក់របស់ខ្លួន

ប៉ារីស៖ ប៉ូលិសបារាំង នៅថ្ងៃអង្គារសប្តាហ៍នេះ បានចាប់ខ្លួនបុរសអាយុ៣៣ឆ្នាំម្នាក់ ដែលសង្ស័យថា បានសម្លាប់ប្រពន្ធ និងកូន៤នាក់របស់ខ្លួននៅក្នុងផ្ទះ នៅថ្ងៃបុណ្យគ្រឹស្មាស់។

ព្រះរាជអាជ្ញាក្នុងតំបន់ លោក Jean Baptiste Bladier និយាយថា អាជ្ញាធរបានរកឃើញសាកសពស្រ្តីអាយុ៣៥ឆ្នាំម្នាក់ និងកូនៗរបស់គាត់ មានអាយុ៩ខែ ៤ឆ្នាំ ៧ឆ្នាំ និង១០ឆ្នាំនៅក្នុងផ្ទះល្វែងមួយកន្លែងក្នុងទីក្រុង Meaux ភាគខាងកើតនៃទីក្រុងប៉ារីស កាលពីល្ងាចថ្ងៃចន្ទសប្តាហ៍នេះ បន្ទាប់ពីពីមិត្តភក្តិ និងក្រុមគ្រួសាររបស់ពួកគេ បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង។

បន្ទាប់ពីសម្លាប់ប្រពន្ធ និងកូន៤នាក់របស់ខ្លួន ទីបំផុតជនសង្ស័យត្រូវបានចាប់ខ្លួន នៅជិតផ្ទះឪពុករបស់គាត់ ក្នុងទីក្រុងSevran នៅព្រឹកថ្ងៃអង្គារសប្តាហ៍នេះ។ លោកព្រះរាជអាជ្ញា Bladier បានបញ្ជាក់ថា កន្លងមក បុរសជាប្តី និងជាឃាតកធ្លាប់ត្រូវបានឃុំខ្លួនរួចហើយ កាលពីឆ្នាំ២០១៩ បន្ទាប់ពីព្យាយាមសម្លាប់ខ្លួន និងចាក់ដៃប្រពន្ធរបស់ខ្លួនចំស្មា នៅពេលនាងមានផ្ទៃពោះកូនទី៣ ប៉ុន្តែនាងមិនបានដាក់ពាក្យបណ្ដឹងទេ។

ឯកសារដែលរកឃើញនៅក្នុងផ្ទះរបស់ពួកគេ បានបង្ហាញថា ជនសង្ស័យធ្លាប់ទទួលបានការព្យាបាលជំងឺវិកលចរិកតាំងពីឆ្នាំ២០១៧។ ទោះបីជាយ៉ាងណា ការស៊ើបអង្កេតរកមូលហេតុបានបើកដំណើរការ ហើយការធ្វើកោសល្យវិច្ច័យ នឹងត្រូវធ្វើឡើងនៅទីក្រុងប៉ារីស នៅក្នុងថ្ងៃពុធនេះ។

គួរបញ្ជាក់ថា ជាមធ្យម ស្ត្រីម្នាក់ត្រូវបានគេសម្លាប់រៀងរាល់បីថ្ងៃក្នុងប្រទេសបារាំង។ ស្ត្រីចំនួន ១១៨នាក់ត្រូវបានសម្លាប់ ដោយសារគូរស្នេហ៍ ឬអតីតគូរស្នេហ៍នៅប្រទេសបារាំងកាលពីឆ្នាំមុន។ ប៉ូលីសបានកត់ឈ្មោះជនរងគ្រោះនៃអំពើហិង្សាក្នុងគ្រួសារចំនួន ២៤៤,៣០០នាក់ ដែលភាគច្រើនជាស្ត្រីក្នុងឆ្នាំ២០២២ ហើយតួលេខនេះកើនឡើង១៥ភាគរយ បើធៀបនឹងឆ្នាំមុន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner