ប្រទេសកម្ពុជា និងតួកគី មានទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៥៩ មកម្លេះ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើគ្រប់វិស័យ
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានកោតសរសើរចំពោះ ប្រទេសតួកគី នៃទំនាក់ទំនងការទូតជាមួយប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៥៩ មកម្ល៉េះ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សាធារណរដ្ឋតួកគី ចំពោះការផ្ដល់ជំនួយជាច្រើនដល់ប្រទេសកម្ពុជានាពេលកន្លងមក ក៏ដូចជាកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើគ្រប់វិស័យ ដែលមានជាអាទិ៍ វិស័យអប់រំ ទេសចរណ៍ សុខាភិបាល និងពាណិជ្ជកម្ម ជាដើម ។
ការថ្លែងនូវការកោតសរសើរនេះ របស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ នៅទីស្តីកាក្រសួងអធិការកិច្ច ក្នុងជំនួបពិភាក្សាការងារជាមួយ លោកជំទាវ អ៊ុលគុល កូចាអែហ្វែ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូតតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហរី ។
ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញពីផែនការសកម្មភាពចំនួន៤ របស់ក្រសួងអធិការកិច្ចរួមមាន៖ ការពង្រឹងសមត្ថភាពស្ថាប័ន ការកសាង និងអភិវឌ្ឍមូលធនមនុស្ស ការរៀបចំច្បាប់និងលិខិតបទដ្ឋានគតិយុត្តនៅក្នុងសមត្ថកិច្ចក្រសួងដែលរាជរដ្ឋាភិបាលប្រគល់ជូន និងការថែរក្សាបរិយាកាសសុខដុមនីយកម្មនៅក្នុងក្រសួងនិងអង្គភាពចំណុះទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីបេសកកម្ម និងរចនាសម្ព័ន្ធរបស់ក្រសួង ព្រមទាំងបានជម្រាបជូន លោកជំទាវឯកអគ្គរដ្ឋទូត អំពីភាពចាំបាច់ក្នុងការប្តូរឈ្មោះពី « ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច» ទៅជា « ក្រសួងអធិការកិច្ច » ក្នុងគោលដៅឆ្លើយតប និងស្របទៅតាមកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបទ្វេភាគីរវាង ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ អ៊ុលគុល កូចាអែហ្វែ ឯកអគ្គរដ្ឋទូតតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់ដោយភាតរភាព និងផ្លែផ្កាដែលទទួលបានលទ្ធផលដូចខាងក្រោម៖
១)- ស្ថានទូតតួកគី បានសម្ដែងការគាំទ្រចំពោះបេសកកម្មរបស់ក្រសួងអធិការកិច្ច ព្រមទាំងត្រៀមខ្លួន និងរីករាយក្នុងការបង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រសួងអធិការកិច្ច។
២)- ស្ថានទូតតួកគី ឯកភាពធ្វើជាស្ពានភ្ជាប់ទំនាក់ទំនងរវាងក្រសួងអធិការកិច្ច និងស្ថាប័ន Ombudsman of Türkiye របស់ប្រទេសតួកគីដើម្បីចាប់ផ្ដើមកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយចាត់តាំងក្រុមការងារពិភាក្សាលម្អិតលើផ្នែកបច្ចេកទេសក្នុងពេលវេលាឆាប់ៗខាងមុខនេះ។
៣)- លោកជំទាវឯកអគ្គរដ្ឋទូត បានសម្ដែងនូវក្ដីរីករាយក្នុងការផ្ដល់ជំនួយវគ្គបណ្ដុះបណ្ដាល និងព័ត៌មានពាក់ព័ន្ធនឹងអាហារូបរណ៍របស់រដ្ឋាភិបាលតួកគី មកកាន់ក្រសួងអធិការកិច្ច ៕
ដោយ ហេង សម្បត្តិ+ថេត វិចិត្រ





