ឯកឧត្តម ឧត្តមសេនីយ៍ឯក សួន សំណាង ធ្វើបទបង្ហាញអំពីគោលនយោបាយការពារជាតិ (សៀវភៅ ស ការពារជាតិ ឆ្នាំ២០២២) ជូនគណ:កម្មការជំនាញរដ្ឋសភា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក សួន សំណាង អគ្គនាយករងអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នៃក្រសួងការពារជាតិ បានដឹកនាំសហការីមកកាន់វិមានរដ្ឋសភា ដើម្បីធ្វើបទ បង្ហាញអំពីគោលនយោបាយការពារជាតិ (សៀវភៅ ស ការពារជាតិ ឆ្នាំ២០២២) ជូនដល់គណៈកម្មការទី៤ ក៏ដូចជាគណៈកម្មការជំនាញនានា នៃរដ្ឋសភា និងជូនថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា អំពីការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលក្រសួងការពារជាតិ ត្រូវអនុវត្តបន្តសម្រាប់នីតិកាលទី៧ ដល់គណៈកម្មការជំនាញទាំង១០របស់រដ្ឋសភា ដែលដឹកនាំដោយឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា (គណៈកម្មការទី៤) នៅសាលសន្និសីទបាយ័ន ។

ឯកឧត្តម កែប ជុតិមា បានបញ្ជាក់ជូនឯកឧត្តម ឧត្តមសេនីយ៍ឯក សួន សំណាងថា កិច្ចប្រជុំនាពេលនេះ គឺក្នុងគោលបំណងសំខាន់ ដើម្បីឈ្វេងយល់នូវវិស័យការងារការពារជាតិ ដែលជាសមត្ថកិច្ចទទួលខុសត្រូវរបស់គណៈកម្មការទី៤ នៃរដ្ឋសភា រួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ បញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានេះឱ្យមានប្រសិទ្ធភាព។

ឯកឧត្តម ឧត្តមសេនីយ៍ឯក សួន សំណាង បានលើកឡើងពីសារៈសំខាន់នៃសៀវភៅសការពារជាតិ ឆ្នាំ២០២២ ដោយបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ អាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្តោតសំខាន់លើសៀវភៅ ស ការពារជាតិ ឆ្នាំ២០២២ ។

ក្រោយពីស្តាប់នូវការធ្វើបទបង្ហាញរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក សួន សំណាងរួចមក ឯកឧត្តម កែប ជុតិមា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រសួងការពារជាតិសម្រេចបាន និងថ្លែងអំណរគុណចំពោះកិច្ចសហការដ៏ល្អរវាងក្រសួងការពារជាតិ និងគណៈកម្មការរដ្ឋសភា ក្នុងអាណត្តិកន្លងមក ហើយឯកឧត្តមសង្ឃឹមថា ក្នុងអាណត្តិថ្មីទី៧នេះ ក្រសួងការពារជាតិ ដែលមានឯកឧត្តម ទៀ សីហា ជាឧបកនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នឹងសម្រេចបានលទ្ធផលបន្តបន្ទាប់ទៀតជូនជាតិ និងប្រជាពលរដ្ឋ។

ក្នុងនាមឯកឧត្តមជាតំណាងរាស្ត្រ ដែលតំណាងឱ្យប្រជាជាតិខ្មែរទាំងមូល និងក្នុងនាមគណ:កម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន ពិតជាមានការត្រេកអរ និងសប្បាយចិត្ត ដែលបានស្តាប់នូវបទបង្ហាញអំពីគោលនយោបាយការពារជាតិ(សៀវភៅ ស ការពារជាតិ ឆ្នាំ២០២២) ដែលបានរៀបចំចងក្រងដោយក្រសួងការពារជាតិ និងបានឆ្លុះបញ្ចាំងអំពីទស្សនវិស័យគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលលើវិស័យការពារជាតិ នាពេលបច្ចុប្បន្ន និងទៅអនាគត ដោយផ្អែកលើការវិភាគ និងការគិតគូរយ៉ាងហ្មត់ចត់ និងយកចិត្តទុកដាក់ជាទីបំផុត។

តាមរយៈការធ្វើបទបង្ហាញអំពីគោលនយោបាយការពារជាតិ(សៀវភៅ ស ការពារជាតិ ឆ្នាំ២០២២) ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា នឹងទទួលបានធាតុចូល និងទទួលព័ត៌មានគ្រប់ជ្រុងជ្រោយដែលពាក់ព័ន្ធនឹងគោលនយោបាយការពារជាតិ ដើម្បីចូលរួមផ្សព្វផ្សាយបន្តជូនដល់ប្រជាពលរដ្ឋ ដែលជាកម្លាំងគាំទ្រនៅសមរភូមិក្រោយ ក្នុងនាមជាខឿនការពារជាតិដ៏រឹងមាំឱ្យមានការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបន្តថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាព ជាតិ ដើម្បីធានាដល់ការកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យបានពេញលេញ។

ក្នុងឱកាសនោះដែរ ឯកឧត្តម កែប ជុតិមា បានសំណូមពរ ឯកឧត្តម ឧត្តមសេនីយ៍ឯក សួន សំណាង និងសហការីទាំងអស់បន្តបេសកកម្មក្នុងការផ្សព្វផ្សាយខ្លឹមសារ នៃ សៀវភៅ ស ការពារជាតិ ឆ្នាំ២០២២ ឱ្យបានដល់គ្រប់ភាគីពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងបុព្វហេតុចូលរួមថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាព ជាតិឱ្យបានរឹងមាំបន្ថែមទៀត៕

ប្រភព ៖ រដ្ឋសភាជាតិ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner