រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ៖ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវពង្រឹងការប្រឡង ជ្រើស រើសមន្ត្រីរាជការ ដោយមានតម្លាភាព
(ភ្នំពេញ)៖ ឯកឧត្តម ប្រាក់ សំអឿន បានស្នើថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញត្រូវពង្រឹងការ ប្រឡងជ្រើសរើសមន្ត្រីរាជការ ការគ្រប់គ្រង និងចាត់ចែងមន្ត្រីរាជការ ការដំឡើងថ្នាក់ ឋានន្តរស័ក្ត និងការតែងតាំងមុខតំណែង ត្រូវតែមានតម្លាភាព និងគណនេយ្យភាព មិនបក្សពួកនិយម និងគ្រួសារនិយមនោះឡើយ ។ ផ្តល់ការលើកទឹកចិត្តដល់មន្ត្រីដែលខិតខំបំពេញការងារបានល្អ មានសមត្ថភាព មានស្នាដៃ និងជំរុញការបណ្តុះបណ្តាលជំនាញ និងកសាងសមត្ថភាពដល់មន្ត្រីរាជការឱ្យសមស្របទៅនឹងការវិវត្តនៃការងារ និងបច្ចេកវិទ្យាឌីជីថល ។
ការស្នើបែបនេះ របស់ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធី”បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់រដ្ឋបាល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២៣នេះ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ ។

ឯកឧត្តម ប្រាក់ សំអឿន បានជំរុញអោយបន្ដទប់ស្កាត់ និងបង្ក្រាបបទល្មើស លួច ឆក់ ប្លន់ ការប្រើប្រាស់ និងជួញដូរគ្រឿងញៀនខុសច្បាប់ ល្បែង ស៊ីសងខុសច្បាប់ ការជួញដូរមនុស្សតាមគ្រប់ទម្រង់ ការជំរិតទារប្រាក់ បទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា និងសកម្មភាពក្មេងទំនើងជាដើម។ត្រូវទប់ស្កាត់ការបង្កើតកងកម្លាំងប្រដាប់អាវុធខុសច្បាប់ ឬការបង្កើតតំបន់អបគមន៍ ព្រមទាំងប្រឆាំងរាល់ឧបាយកលសកម្មភាពនៃការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ត្រូវគិតគូរពីវិធានការនិងមធ្យោបាយនានាក្នុងការបង្ការ និងពន្លត់អគ្គិភ័យ ជាពិសេសនៅតាម សំណង់អាគារខ្ពស់ៗ រោងចក្រ សហគ្រាស ផ្សារ និងផ្ទះសំបែងប្រជាពលរដ្ឋ។

ឯកឧត្តមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានមានប្រសាសន៍ថា នៅថ្ងៃបើកអង្គសន្និបាត ដើម្បីទទួលបានធាតុចូលកាន់តែមានភាពសុក្រឹត និងច្បាស់លាស់ អង្គសន្និបាត បានប្រើប្រាស់វិធីសាស្ត្របែងចែកក្រុម ពិភាក្សា ក្នុងគោលបំណងទទួលបានធាតុចូលកាន់តែច្បាស់លាស់ដោយផ្តោតជាសំខាន់ទៅលើប្រធានបទចំនួន ៤។ អង្គសន្និបាតទាំងមូល បានប្ដេជ្ញាចិត្តរួមគ្នា ដើម្បីពុះពារជម្នះគ្រប់ឧបសគ្គ ដោះស្រាយរាល់បញ្ហាប្រឈម ដែលអាចកើតមាននិងបានឯកភាពទៅលើទិសដៅអនុវត្តការងាររបស់រដ្ឋបាលរាជធានី ភ្នំពេញឆ្នាំ២០២៤ ។
ឯកឧត្តមម៉ប់ សារិន បានលើកឡើងថា នាពេលបច្ចុប្បន្ន ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ តាមរយៈយន្តការច្រកចេញ-ចូលតែមួយ បានដំណើរការទៅដោយរលូន និងទទួលបានការគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋ។ ជាក់ស្តែង ក្នុងឆ្នាំ ២០២៣នេះ៖ អង្គភាពច្រកចេញ-ចូលតែមួយរាជធានីភ្នំពេញ បានផ្តល់សេវាសាធារណៈសរុបចំនួន ៦៥.៦៩៨ សេវា ពោលគឺ ជាមធ្យមមានប្រជាពលរដ្ឋមកសុំសេវាពីរដ្ឋបាលរាជធានីភ្នំពេញ ចំនួន ១៨០ សេវាក្នុងមួយថ្ងៃ និងទទួលបានចំណូលថវិការដ្ឋ ចំនួនជិត ២៧ ពាន់លានរៀល ឬ ស្មើនឹងប្រមាណ ៦,៥៨ លាន ដុល្លាអាមេរិក ៕


ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ