ដើមឈើណូអែលនៅក្រៅស្ថានទូតប៉ាឡេស្ទីន នៅរុស្ស៊ី បង្ហាញសាមគ្គីភាពជាមួយហ្គាហ្សា
មូស្គូ៖ ដើមឈើណូអែល និងប្រដាប់ប្រដាក្មេងលេងជាច្រើន ត្រូវបានគេយកទៅទុក នៅខាងក្រៅ របងស្ថានទូតប៉ាឡេស្ទីន ប្រចាំនៅទីក្រុងមូស្គូ។
ក្នុងគោលបំណងបង្ហាញពីសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា គេឃើញមានដើមឈើណូអែល និងប្រដាប់ក្មេងលេង ជាច្រើន ត្រូវបានគេដាក់តាំងបង្ហាញ នៅខាងក្រៅស្ថានទូតប៉ាឡេស្ទីន នៅប្រទេសរុស្ស៊ី នាពេលថ្មីៗនេះ។
ជាការកត់សម្គាល់ នៅក្នុងសប្តាហ៍ចុងក្រោយនេះ ប្រធានាធិបតីប្រទេស រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ធ្លាប់បានសន្យាថា រុស្ស៊ីនឹងបន្តផ្គត់ផ្គង់ជំនួយមនុស្សធម៌ ដល់តំបន់ហ្គាហ្សា។

លោក ពូទីន ថែមទាំងអះអាងថា លោកនឹងជំរុញឱ្យមានដំណោះស្រាយដោយសន្តិវិធី ក្នុងការដោះស្រាយបញ្ហាសង្គ្រាម រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ទៀតផង។
គួររម្លឹកថា សង្គ្រាមនេះបានចាប់ផ្តើម នៅថ្ងៃទី៧ ខែតុលា នៅពេលដែលក្រុមសកម្មប្រយុទ្ធ ហាម៉ាស់ ដែលមានមូលដ្ឋាននៅហ្គាហ្សា បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយបានសម្លាប់មនុស្សប្រហែល ១១៤០នាក់ នៅប្រទេសអ៊ីស្រាអែល។
នៅតំបន់ហ្គាហ្សាវិញ ទទួលរងការវាយប្រហារសងសឹកវិញ ពីយោធាអ៊ីស្រាអែល ហើយបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ២១៥០៧នាក់ហើយ គិតត្រឹមថ្ងៃទី ២៩ ខែធ្នូ នេះបើតាម ក្រសួងសុខាភិបាលហ្គាហ្សា៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត