ការងារក្នុងស្រុកជាង ២ម៉ឺនកន្លែង កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋ ចូលបម្រើការ

(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ បានជូនដំណឹងដល់សាធារណៈជន នូវឱកាសការងារក្នុងស្រុកចំនួន ២៥,៥៩៧កន្លែង ក្នុងវិស័យសំខាន់ៗបី នៃខេត្តចំនួន ១០ សម្រាប់បងប្អូន ងាយស្រួលជ្រើសរើសចូលបម្រើការងារ។

បើតាមការចេញផ្សាយពីទីភ្ងាក់ងារមុខរបរ និងការងារ បញ្ជាក់ថា ការផ្តល់ឱកាសការងារក្នុងស្រុក សរុប ២៥,៥៩៧កន្លែង ក្នុងនោះមានបីវិស័យ គឺ វិស័យឧស្សាហកម្ម ចំនួន ១៦,៤៨៣កន្លែង, វិស័យសេវាកម្ម ចំនួន ២,៣៣៧កន្លែង និងវិស័យកសិកម្ម ចំនួន ៦,៧៧៧កន្លែង។

បន្ថែមពីនេះ ឱកាសការងារ មាននៅក្នុងខេត្តចំនួន ១០ មានខេត្តកំពង់ស្ពឺ ៩,២២៣កន្លែង ខេត្តរតនគិរី ៦,៦០០កន្លែង ខេត្តកណ្តាល ២,២៥០កន្លែង ខេត្តកំពង់ឆ្នាំង ១,១៥០កន្លែង ខេត្តកំពង់ចាម ១,១០៤កន្លែង ខេត្តក្រចេះ ១,០៩០កន្លែង រាជធានីភ្នំពេញ ១,១០៣កន្លែង ខេត្តពោធិ៍សាត់ ១,០៩៨កន្លែង ខេត្តបន្ទាយមានជ័យ ៦១៦កន្លែង ខេត្តកោះកុង ៤២៩កន្លែង និងខេត្តផ្សេងៗទៀត ៩៣៤កន្លែង។

ទន្ទឹមគ្នានោះ មានមុខរបរចំនួន ១០ ប្រភេទ សម្រាប់បងប្អូនជ្រើសរើសតាមចំណង់ចំណូលចិត្ត និងជំនាញរបស់ខ្លួន ដែលមានអ្នកបញ្ជាម៉ាស៊ីនដេរ, កម្មករចំការដំណាំ, អ្នកដុះខាត់លោហៈ, អ្នកក្រឡឹងកង់ និងអ្នកសំលៀងឧបករណ៍, អ្នកប្រឹក្សាយោបល់ខាងហិរញ្ញវត្ថុ និងវិនិយោគទុន, មន្ត្រីឥណទាន និងប្រាក់កម្ចី, អ្នកបច្ចេកទេសត្រួតពិនិត្យ ដំណើរការផលិត, អ្នកបម្រើ (Waiters), នាយកគ្រប់គ្រងការផ្គត់ផ្គង់ ការចែកចាយ និងពាក់ព័ន្ធ វិជ្ជាជីវៈខាងការផ្សព្វផ្សាយ និងទីផ្សារ, អ្នកបោកគក់ និងអ្នកអ៊ុតដោយប្រើដៃ និងមុខរបរផ្សេងៗទៀត។

តាមរយះការចេញផ្សាយរបស់ក្រសួង សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលចង់ស្វែងរកការងារ សូមទាក់ទងមកទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមលេខទូរស័ព្ទ ០៧៧ ២៣ ២៣ ៧៨ ឬ ០១៦ ៧៨ ៦៦ ៥៥ (Telegram) ។

សូមបញ្ជាក់ថា ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញផ្សាយឱកាសការងារនេះ កាលថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។ បន្ថែមពីនេះ ក្រសួង បាននឹងកំពុងគិតគូរ យ៉ាងយកចិត្តទុកដាក់ ពីវិស័យការងាររបស់ប្រជាពលរដ្ឋ និងព្យាយាមបង្កើនបន្ថែមទៀត ដើម្បីការកំណើនសេដ្ឋកិច្ច នៅប្រទេសកម្ពុជា ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner