កំពង់ផែសមុទ្រដ៏សំខាន់របស់ប្រទេសប៉េរូបានបិទ ដោយសាររលកដ៏ធំ
លីម៉ា៖ កំពង់ផែសំខាន់របស់ប្រទេសប៉េរូដែលមានទីតាំងនៅទីក្រុង Callao ត្រូវបានបិទដោយសារតែមានការជូនដំណឹងអំពីរលកដ៏ខ្លាំង ដែលគេគិតថា បង្កឡើងដោយសារតែព្យុះនៅឆ្នេរសមុទ្រខាងលិចរបស់សហរដ្ឋអាមេរិក នេះបើយោងតាមអាជ្ញាធរប៉េរូ។
ក្រៅពីការបិទកំពង់ផែ ស្ថិតនៅក្នុងតំបន់ភាគអាគ្នេយ៍ប៉ាស៊ីហ្វិកនេះ ក៏មានកំពង់ផែចំនួន ៣២ផ្សេងទៀតរបស់ប្រទេសដែលស្ថិតក្នុងតំបន់អាមេរិកខាងត្បូងមួយនេះ ត្រូវបានបិទផងដែរ ដោយសារតែបញ្ហាដូចគ្នានេះ។
លោក Giacomo Morote ប្រធានផ្នែកដែនសមុទ្ររបស់ប្រទេសប៉េរ៉ូបានជូនដំណឹងថា
«ក្នុងចំណោមកំពង់ផែ សរុបចំនួន ១២១ យើងមាន៣៣កំពង់ផែហើយ ដែលបានបិទច្រក ដោយសារតែបញ្ហាព្យុះជាបន្តបន្ទាប់ ដែលកំពុងលាតសន្ធឹង នៅអឌ្ឍគោលខាងជើង ជាពិសេស នៅរដ្ឋកាលីហ្វ័រញ៉ា របស់អាមេរិក»។
យ៉ាងណាមិញ មានការចោទប្រកាន់ថា មានប្រេងហៀរហូរមិនប្រក្រតី នៅលើឆ្នេរសមុទ្រប៉េរូ។ ប៉ុន្តែ អាជ្ញាធរដែនសមុទ្រប៉េរូបានបានច្រានចោលការចោទប្រកាន់នេះ ហើយអះអាងថា ករណីនេះគឺទាក់ទងទៅនឹងការរញ្ជួយដីកម្រិត ៧.៥ រ៉ិចទ័រ ដែលបានអង្រួនប្រទេសជប៉ុន កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

