អង្គការ FAO ៖ តម្លៃស្បៀងអាហារសកលធ្លាក់ចុះ ១៣.៧ភាគរយ ក្នុងឆ្នាំ ២០២៣
ប៉ារីស៖ អង្គការស្បៀងអាហារ និងកសិកម្ម នៃអង្គការសហប្រជាជាតិ (FAO) នៅថ្ងៃសុក្រសប្តាហ៍នេះបញ្ជាក់ថា តម្លៃស្បៀងអាហារពិភពលោកបានធ្លាក់ចុះក្នុងឆ្នាំ ២០២៣ ក្នុងនោះគ្រាប់ធញ្ញាជាតិ និងប្រេងបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដោយសារមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់ថមថយ។
អង្គការស្បៀងអាហារ និងកសិកម្ម នៃអង្គការសហប្រជាជាតិ (FAO) មានមូលដ្ឋាននៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី និយាយថា ជារួម តម្លៃទំនិញម្ហូបអាហារពិភពលោកបានធ្លាក់ចុះ ១៣.៧ភាគរយក្នុងឆ្នាំ ២០២៣ បើធៀបនឹងឆ្នាំ ២០២២។ សន្ទស្សន៍តម្លៃគ្រាបធញ្ញជាតិរបស់អង្គការ FAO បានធ្លាក់ចុះ ១៥.៤ភាគរយ ដែលនេះឆ្លុះបញ្ចាំងពីទីផ្សារពិភពលោក បានផ្គត់ផ្គង់យ៉ាងល្អ បើធៀបនឹងនឹងឆ្នាំ ២០២២ នៅពេលដែលតម្លៃបានកើនឡើង បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិដ៏សំខាន់មួយ។
ស្របពេលដែលតម្លៃស្រូវសាលី និងពោតបានធ្លាក់ចុះ តែបែរជាតម្លៃអង្ករបានកើនឡើង ដោយសារតែផលប៉ះពាល់នៃបាតុភូតអាកាសធាតុ El Nino និងការរឹតបន្តឹងការនាំចេញរបស់ប្រទេសឥណ្ឌា។ ដូច្នេះនាំឱ្យតម្លៃអង្ករហក់ឡើងរហូតដល់ ២១ភាគរយកាលពីឆ្នាំ២០២៣។ រីឯសន្ទស្សន៍តម្លៃប្រេង និងបន្លែវិញ បានធ្លាក់ចុះខ្លាំងកាលពីឆ្នាំមុន រហូតដល់ ៣២.៧ភាគរយ ដោយសារការផ្គត់ផ្គង់ហៀហូរ និងការកាត់បន្ថយការប្រើប្រាស់ផលិតកម្មជីវឥន្ធនៈ។
ផ្ទុយទៅវិញ តម្លៃស្ករបានហក់ឡើងដល់ ២៦.៧ភាគរយ បើទោះបីជាទើបធ្លាក់ចុះពីកម្រិតខ្ពស់របស់វាកាលពីខែធ្នូឆ្នាំមុន ដោយសារប្រទេសប្រេស៊ីលបង្កើនការនាំចេញ និងកាត់បន្ថយការប្រើប្រាស់ជីវឥន្ធនៈ។ ទោះបីជាយ៉ាងណា ស្របពេលដែលសន្ទស្សន៍រួមរបស់អង្គការ FAO បានធ្លាក់ចុះ តែតម្លៃម្ហួបអាហារក្នុងប្រទេសជាច្រើនកំពុងកើនឡើង ដែលជារឿយៗលឿនជាងអត្រាអតិផរណាទាំងមូល៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា



