ពលរដ្ឋសហគមន៍ខ្មែរនៅទីក្រុងមែលប៊ន ប្រមាណ៧០០នាក់ ជួបជុំគ្នាអបអរសាទររំឮកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាបុណ្យជាតិ ជ័យជម្នះ ៧មករា (១៩៧៩-២០២៤)

ទីក្រុងមែលប៊ន៖ ប្រជាពលរដ្ឋខ្មែរ និងនិស្សិតដែលកំពុងរស់នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ប្រមាណ៧០០នាក់ នាល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ បានជួបជុំគ្នារៀបចំពិធីអបអរសាទររំឮកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាបុណ្យជាតិ ជ័យជម្នះ ៧មករា (១៩៧៩-២០២៤) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងជាប្រធានគណៈកម្មាធិការគណបក្សប្រចាំនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់, ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់, ឯកឧត្តម ឡាវ វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រធានក្រុមការងារប្រចាំទីក្រុងមែលប៊ន (តំបន់២) និងឯកឧត្តមបណ្ឌិត ឈឹម សារ៉េត អគ្គនាយកលទ្ធកម្មសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមការងារតំបន់២ ព្រមទាំងសមាជិកនៃក្រុមការងារតំបន់២, គណៈកម្មាធិការសាខាគណបក្សប្រចាំរដ្ឋវិចតូរីយ៉ា, ក្រុមការងារយុវជនគណបក្សប្រចាំទីក្រុងមែលប៊ន និងក្រុមការងារសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងមែលប៊ន។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងរំឭកទៅដល់ការលះបង់ និងវីរភាពរបស់យុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិជាច្រើន បានធ្វើពលិកម្ម សាច់ស្រស់ ឈាមស្រស់ ដោយឥតរួញរាក្នុងការស្វែងរកសុខសន្តិភាព និងរំដោះជាតិចេញមហាវិនាសកម្មក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ប្រជាពលរដ្ឋចាត់ទុកថា ថ្ងៃទី៧ មករា ១៩៧៩ ជាថ្ងៃកំណើតទី២របស់ខ្លួន ប្រសិនបើគ្មានថ្ងៃទី៧មករា ក៏គ្មានអ្វីៗដូចសព្វថ្ងៃនេះដែរ ផ្តើមចេញពីថ្ងៃជ័យជម្នះ ៧មករា និងការដាក់ចេញនយោបាយ ឈ្នះឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាស្ថាបនិក និងមគ្គុទេសក៏ឯក បាននាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ជូនជាតិមាតុភូមិកម្ពុជា រហូតបានធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍនិងរីកចម្រើនលើគ្រប់វិស័យ ប្រជាជនរស់នៅក្នុងសុខសន្តិភាពយ៉ាងសុខដុមរមនាទាំងក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។

ជាមួយគ្នានេះ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅទីក្រុងមែលប៊ន បានសម្តែងការអបអរសាទរយ៉ាងពេញទំហឹងនូវការបោះឆ្នោតជាតិជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅដែលបានប្រព្រឹត្តទៅដោយរលូនក្នុងបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សា គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងយុត្តិធម៌ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនិងគោលការណ៍ច្បាប់ ដែលប្រជាពលរដ្ឋបានចេញទៅបោះឆ្នោតយ៉ាងច្រើនកុះករក្នុងអត្រា ៨៤.៥៨% និងគាំទ្រពេញទំហឹងចំពោះរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner